(ភ្នំពេញ)៖ នៅសប្តាហ៍ក្រោយនេះ កម្ពុជា នឹងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប។ ពិធីបើកជាផ្លូវការនៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន។

ដើម្បីធានាឱ្យកិច្ចប្រជុំនេះសម្រេចទៅដោយជោគជ័យតាមផែនការដែលបានគ្រោងទុកនោះ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងជាប្រធានរៀបចំកិច្ចប្រជុំ បានត្រៀមលក្ខណៈសម្បត្តិអស់ជាច្រើនខែមកហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មអន្តរក្រសួងមួយ ដឹកនាំលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដើម្បីចាត់ចែង និងរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយនេះ។

លោក ប៉ាន សូរស័ក្តិ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងធ្វើបច្ចុប្បន្នលើការងារនេះជាច្រើនលើកមកហើយ។ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើការងារត្រៀមរៀបចំកិច្ចប្រជុំនេះជាលើកឡើងចុងក្រោយ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការប្រចាំការ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការ និងក្រុមការងារលេខាធិការដ្ឋាន មន្រ្តីជំនាញពាក់ព័ន្ធ ព្រមទាំងឯកឧត្ដម លោកជំទាវ និងមន្ត្រីជំនាញមកពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំបានពិនិត្យទៅលើវឌ្ឍនភាពសំខាន់ៗ នៃការត្រៀមរៀបចំរបស់អនុគណៈកម្មារជំនាញនីមួយៗ មានដូចខាងក្រោម៖
* អនុគណៈកម្មការខ្លឹមសារ និងឯកសារ និងក្រុមការងារលេខាធិការដ្ឋាន ត្រៀមបញ្ចប់វីដេអូស្តីពីវឌ្ឍនភាព PEDs របស់កម្ពុជា សុន្ទរកថា ឯកសារបទអន្តរាគមន៍នានា និងឯកសារកិច្ចប្រជុំពាក់ព័ន្ធ ជូនប្រធានកិច្ចប្រជុំ AEM លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំទ្វេភាគីផងដែរ។
* អនុគណៈកម្មការពិធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំកន្លែងប្រជុំនិងសិល្បៈ បានចុះពិនិត្យមើលនិងត្រៀមរួចរាល់នូវទីតាំងរៀបចំកិច្ចប្រជុំ សណ្ឋាគារស្នាក់នៅ ការត្រៀមទទួលបដិសណ្ឋារកិច្ច វត្ថមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងរដ្ឋមន្រ្តីសេដ្ឋកិច្ចពីបណ្តាសមាជិកចូលរួម ការធានាប្រព័ន្ធសន្តិសុខ ការសម្រួលដល់ការធ្វើតេស្តយកសំណាក PCR និងបន្ទប់សង្រ្គោះបន្ទាន់ និងការត្រៀមរៀបចំចាំបាច់ដទៃទៀត។ ក្នុងនោះ ក៏បានត្រៀមរួចរាល់នូវការហាត់សម និងចាត់ចែងឱ្យមន្ត្រី LOs និង SOs ត្រៀមទទួលគណៈប្រតិភូទៅតាមជើងហោះហើរ និងបានត្រៀមរៀបចំកម្មវិធី Spouse ផងដែរ។
* អនុគណៈកម្មការផ្សព្វផ្សាយព័ត៌មាន កំពុងពិនិត្យបញ្ចប់វីដេអូផ្សព្វផ្សាយ ការចុះឈ្មោះក្រុមសារព័ត៌មានជាតិនិងអន្តរជាតិ ក៏ដូចជាការត្រៀមរួចរាល់នូវអត្ថបទព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយតាមវិទ្យុជាតិ ប៉ុស្តិ៍ទូរទស្សន៍ជាតិ និងការផ្សព្វផ្សាយលើប្រព័ន្ធបណ្តាញសង្គមជាដើម។

តាមការគូសបញ្ជាក់របស់អនុគណៈកម្មការនីមួយៗ បានបង្ហាញការត្រៀមលក្ខណៈសម្រាប់រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ បានសម្រេចរួចរាល់ទៅតាមការគ្រោងទុក។

បើទោះបីជាយ៉ាងណា លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍មួយចំនួនទៀត ជូនអនុគណៈកម្មការនីមួយៗ ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន ដើម្បីធានាថា កិច្ចប្រជុំនឹងប្រព្រឹត្តទៅដោយជោគជ័យ។

អនុសាសន៍ដែលលោករដ្ឋមន្ត្រីបានផ្តល់ជូននោះរួមមាន៖
* បន្តកិច្ចសហការដ៏ល្អប្រសើរជាមួយក្រុមការងារលេខាធិការដ្ឋានអាស៊ាន លើការងាររៀបចំឯកសារ និង Logistics នានាពាក់ព័ន្ធនឹងដំណើរការប្រព្រឹត្តទៅនៃកិច្ចប្រជុំ។
* ត្រូវពិនិត្យឆ្លើយតបនឹងសំណួរ និងពិនិត្យលទ្ធភាពដោះស្រាយសំណើនានាពាក់ព័ន្ធនឹងបញ្ហា Logsitcs Arrangement និងការរៀបចំទូទៅ តាមលទ្ធភាពជាក់ស្តែង។
* ក្នុងអំទ្បុងពេលនៃកិច្ចប្រជុំ អនុគណៈកម្មការទាំងអស់ត្រូវតាមដាន និងពិនិត្យមើលដំណើរការនៃកិច្ចប្រជុំឱ្យបានល្អិតល្អន់ សំដៅអាចដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងទាន់ពេលវេលា។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បន្តថា ដំណើរការរៀបចំកន្លងមកមានវឌ្ឍនភាពល្អប្រសើរ និងប្រព្រឹត្តទៅបានយ៉ាងរលូន បើទោះជាមានឧបសគ្គមួយចំនួនក្តី ដោយក្រុមការងារអនុគណៈកម្មការទាំងអស់មានស្មារតីបុរេសកម្ម យកចិត្តទុកដាក់ មានជំហរនិងភាពឈ្លាសវៃក្នុងការដោះស្រាយបញ្ហា និងជាពិសេសមានសាមគ្គីភាពល្អជាមួយគ្នា។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើចំពោះ លោក លោកស្រី ជាប្រធាន និងអនុប្រធានអនុគណៈកម្មការទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញកាតព្វកិច្ច និងតួនាទីក្នុងស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំកិច្ចប្រជុំនានាក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចឱ្យប្រព្រឹត្តទៅបានយ៉ាងរលូន និងទទួលបានលទ្ធផលជូនជាតិយ៉ាងល្អប្រសើរ៕