(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហផ្ទៃ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែតាំងមុខតំណែងអគារធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ។
លោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ ត្រូវបានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី ត្រាស់បង្គាប់តែងតាំងជាអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ជំនួស លោក អ៉ីវ លាង ដែលត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ក្នុងឱកាសនោះ លោក អ៉ីវ លាង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីអំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពការងារ នៃអគ្គារធិការដ្ឋានក្រសួងមហាផ្ទៃ។ បន្ទាប់មក នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ អគ្គលេខាធិការនៃអគ្គលេខធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញអានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក អ៉ីវ លាវ ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ ជាអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ។
បន្ទាប់ពីបានទទួលព្រះរាជក្រឹត្យ និងត្រា ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រួចមកលោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ បានថ្លែងអំណរព្រះរាជគុណព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី ដែលបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតែង លោកជាអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ។
លោកក៏បានសម្ដែងការដឹងគុណជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានផ្ដល់សេចក្ដីទុកចិត្តមកលើលោក និងបានថ្លែងអរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគារធិការដ្ឋានទាំងមូល ដែលបានផ្ដល់សេចក្ដីទំនុកចិត្ត និងការគាំទ្រមកលើលោកទាំងរយៈពេលកន្លងមក និងនាឱកាសចូលកាន់មុខតំណែងថ្មីនេះ។
លោកបានប្ដេជ្ញាចិត្តអនុវត្តឲ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ គោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងការណែនាំចង្អុលបង្ហាញរបស់សម្ដេចក្រឡាហោម ដើម្បីពង្រឹង និងគ្រប់គ្រងឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ប្រកាន់គុណសម្បត្តិ៤យ៉ាង រួមមានឆន្ទៈម្ចាស់ការ មនសិការវិជ្ជាជីវៈ និងគណនេយ្យភាព ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងរបៀបរបបការងារឈរលើទស្សនៈសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ គោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងការលើកទឹកចិត្ត។
ថ្លែងក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងសេចក្ដីរីករាយ និងចូលរួមអបអរសាទរចំពោះលោក អ៉ីវ លាង ដែលបានចូលកាន់មុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ អតីតអគ្គាធិការរង នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដែលបានចូលកាន់មុខតំណែងជាអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ។
សម្ដេចក្រហាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា អគ្គាធិការដ្ឋាន ជាអង្គភាពគាំទ្រដល់ការអនុវត្តនូវតួនាទី និងភារកិច្ចរបស់ក្រសួងមហាផ្ទៃ ឲ្យកាន់តែល្អប្រសើរ ហើយពីដំណាក់កាលមួយទៅដំណាក់កាលមួយ តែងតែមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំអគារធិការដ្ឋានជាមួយ និងការអភិវឌ្ឍរីកចម្រើន និងមានការតម្រង់ទិសការងារកាន់តែត្រឹមត្រូវ និងច្បាស់លាស់ សំដៅគាំទ្រដល់កិច្ចការនានារបស់ក្រសួង ដើម្បីឲ្យមន្រ្តី និងយន្តការនានារបស់ក្រសួងបានបំពេញការងារ និងភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់៕