(ភ្នំពេញ)៖ វេទិការភ្នំពេញ ដែលរៀបចំឡើងជាលើកដំបូង ស្តីពីតួនាទីធនាគារខួរក្បាល អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានក្រុមបណ្ឌិត និងអ្នកជំនាញជាតិ-អន្តរជាតិ ប្រៀបប្រដូចនឹង «មុំគំនិតបី» រួមចំណែកទ្រទ្រង់អំណាចសង្គម ធានានូវស្ថិរភាព វឌ្ឍនភាព និងវិបុលភាពសង្គម។ ជាពិសេសបានផ្តល់ជាវិភាគទានក្នុងការតាក់តែងគោលនយោបាយប្រកបដោយគុណភាព គណនេយ្យភាព តម្លាភាព និងបរិយាបន្ន។
វេទិកាភ្នំពេញ បានរៀបចំឡើងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលជាគំនិតផ្តួចផ្តើមដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានវាគ្មិនសំខាន់ៗចូលរួមក្នុងវេទិកាសរុបចំនួន ២២រូប មកពីកម្ពុជា ប្រទេសឥណ្ឌូនេស៊ី មេឡេស៊ី ឡាវ ថៃ វៀតណាម សហរដ្ឋអាមេរិក អូស្រ្ដាលី អាល្លឺម៉ង់ អ៉ីតាលី ជាដើម ដែលសុទ្ធតែជាអ្នកជំនាញ ធ្វើការក្នុងវិស័យគោលនយោបាយ និងអ្នកកាសែតជើងចាស់ និងទទួលបានការអប់រំជាន់ខ្ពស់ថ្នាក់បណ្ឌិត។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានយល់ឃើញថា «ធនាគារខួរក្បាល អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ ប្រដូចជា [មុំគំនិតបី] ក្រៅរង្វង់រដ្ឋាភិបាលប្រៀបបានដូចជា [មុំបី] រួមចំណែកទ្រទ្រង់អំណាចសង្គម ធានានូវស្ថិរភាព វឌ្ឍនភាព និងវិបុលភាពសង្គម ជាងនេះទៅទៀតថែមទាំងបានជាវិភាគទានក្នុងការតាក់តែងគោលនយោបាយប្រកបដោយគុណភាព គណនេយ្យភាព តម្លាភាព និងបរិយាបន្ន។ នេះជាការយល់ឃើញរបស់ក្រុមបណ្ឌិត និងអ្នកជំនាញជាតិ-អន្តរជាតិ»។
លោកបណ្ឌិត បានថ្លែងបន្តថា «គុណភាពនៃគោលនយោបាយកម្រិតជាតិ តំបន់ អន្តរជាតិ និងពិភពលោក ពិតជាមិនអាចកាត់ផ្តាច់ចេញពីការរួមចំណែកពី [មុំគំនិតបី] នេះបានទេ។ យើងសង្កេតឃើញថា បញ្ហាចម្បងៗលេចធ្លោ និងការប្រឈមទាំងឡាយ ដែលប្រជាជាតិនានាបាននឹងកំពុងជួបប្រទះ អាចដោះស្រាយតែងមានការចូលរួមពីតួអង្គធនាគារខួរក្បាល អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយ»។
លោកបណ្ឌិត យ់ង ពៅ បានវាយតម្លៃខ្ពស់ចំពោះតួនាទីមិនអាចខ្វះបានរបស់ធនាគារខួរក្បាល អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសង្គម។ លោកសង្ឃឹមជឿជាក់ថា តាមរយៈវេទិកាភ្នំពេញលើកទី១នេះ នឹងមានវិធីសាស្ត្រធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធប្រកបដោយទំនុកចិត្ត និងរបៀបធ្វើការបែបពហុភាគីនិយម និងលក្ខណៈស្ថាបនាជាមួយរដ្ឋាភិបាលនានា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ ម្យ៉ាងទៀតវេទិកាទី១ នឹងបង្កើតបានអភិក្រមមុំគំនិតថ្មី និងសេណារីយ៉ូវិទ្យាសាស្ត្រសម្រាប់ធ្វើការជាមួយគ្នាជាប្រចាំជាក់ជាមិនខាន។
បើតាមលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងថា «ធនាគារគំនិត និងប្រព័ន្ធផ្សព្វផ្សាយ នឹងពិនិត្យមើលលើសពីនេះទៅទៀត អំពីផ្នែកដែលសំខាន់ៗ ជាពិសេសបញ្ហានៅក្នុងសកលលោក ហើយយើងឃើញថាផ្នែកទាំងអស់នេះ ពាក់ព័ន្ធនឹងបរិស្ថាន សន្តិសុខ ពាណិជ្ជកម្ម សិទ្ធិមនុស្ស ជាដើម»។
លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា «អ្វីដែលយើងឃើញនូវបញ្ហាប្រឈមខាងផ្នែកគិតគូរខាងគោលនយោបាយសាធារណៈ យើងឃើញធនាគារខួរក្បាល ផ្នែករដ្ឋាភិបាល សង្គមស៊ីវិល និងផ្នែកសារព័ត៌មាន គឺធ្វើការដាច់ដោយឡែកពីគ្នា ហាក់បីដូចជាមិនទាន់មានវេទិកាមួយសម្រាប់ធ្វើការជាមួយគ្នា ស្របពេលដែលតួរអង្គទាំងនេះ ជាតួរអង្គសំខាន់នៅក្នុងសង្គម»។
«តួរអង្គសំខាន់ទាំងនេះ ជាមួយនឹងរដ្ឋាភិបាលក៏មិនទាន់បានធ្វើការឱ្យមានលក្ខណៈស្ថាបនា ដូច្នេះទើបបង្កើតឱ្យមានវេទិកាភ្នំពេញនេះឡើង គឺជាការបង្កើតនូវទម្រង់មួយ ឬវេទិកាមួយដែលអាចធ្វើឱ្យធនាគារខួរក្បាល អង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ អាចធ្វើការរួមគ្នា ហើយជួយផ្ដល់នូវអនុសាសន៍ គោលនយោបាយ សម្រាប់រាជរដ្ឋាភិបាល និងស្ថាប័នសាធារណៈផ្សេងទៀត ដើម្បីសន្ដិភាព ស្ថេរភាព វិបុលភាពជាពិសេស និរន្តរភាព បរិស្ថាន និងសុខសន្ដិភាពនៃពិភពលោក»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត គិន ភា។
លោកបណ្ឌិត តាន់ ស្រ៉ី ដាទុក អុង ទីគាត ប្រធានមជ្ឈមណ្ឌលសម្រាប់អាស៊ីថ្មី ប្រកបដោយបរិយាប័ន្ន និងជាអតីតរដ្ឋមន្ត្រីក្រសួងគមនាគមន៍សហព័ន្ធ និងជាអតីតអនុប្រធានមសភា ប្រទេសម៉ាឡេស៉ី បានលើកឡើងថា «វេទិកាភ្នំពេញលើកទី១ គឺជាយុគសម័យថ្មីមួយ ស្តីពីធនាគារគំនិត និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់អាស៊ានរបស់យើង នេះគឺជាអ្វីដែលខ្ញុំបានពិនិត្យមើល ក្នុងរយៈពេល២ឆ្នាំកន្លងទៅ»។
លោកបណ្ឌិត បានបញ្ជាក់ថា «បច្ចុប្បន្ននេះ យើងត្រូវរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនានា សម្រាប់វេទិកាភ្នំពេញលើកទី១ គឺជាពេលវេលាដើម្បីនាំយកនូវចំណុចសំខាន់មួយចំ នួនមកផ្សព្វផ្សាយស្វែងរកដំណោះស្រាយរួមទាំងអស់គ្នា»។
សូមបញ្ជាក់ថា វេទិកាភ្នំពេញ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃនេះ នឹងពិភាក្សាទៅលើបញ្ហាសំខាន់ៗចំនួន៣ រួមាន៖ វគ្គទី១ ពិភាក្សាទៅលើតួនាទីរបស់ធនាគារខួរក្បាល អង្គការមិនមែនរដ្ឋាភិបបាលក្នុងការដោះស្រាយបញ្ហាលេចធ្លោ និងការប្រឈមធំៗ, វគ្គទី២ ពិភាក្សាអំពីការកំណត់ តួនាទីរបស់ធនាគារខួរក្បាល អង្គការមិនមែនរដ្ឋាភិបាល និងវិស័យសារព័ត៌មាន ក្នុងការធ្វើឱ្យមានឥទ្ធិពលទៅលើ ការតាក់តែងគោលនយោបាយ និងវគ្គទី៣ ពិភាក្សាទៅលើធនាគារខួរក្បាល អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយក្នុងបរិបទសកលភាវូបណីយកម្ម និងការប្រកួតប្រជែងខាងភូមិសាស្រ្ដនយោបាយ៕