(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះក្នុងខណ្ឌឫស្សីកែវ ចំនួន៦០០គ្រួសារ ដែលអំណោយនេះ ទទួលបានពីធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB) សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF)។

ពិធីនេះធ្វើឡើងនៅបរិវេណវិហារធំគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួម ពីសំណាក់លោក ឯក ឃុនឌឿន អភិបាលខណ្ឌឫស្សីកែវ, លោក Onur Sezer តំណាងស្ថានទូតតួកគីប្រចាំនៅកម្ពុជា, សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អជ្ញាធរមូលដ្ឋាន និងយុវជនសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាជាច្រើនរូបផងដែរ។

ក្នុងឱកាសនេះ លោកបណ្ឌិត បានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB) ដែលតែងតែយកចិត្តទុកដាក់ ចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ក៏ដូចជាផ្ដល់ជំនួយផ្សេងៗ និងធ្វេីសកម្មភាពរួមសម្រាប់សហគមន៍ឥស្លាមនៅកម្ពុជានាពេលកន្លងមក។ ជាពិសេសសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះសន្តិភាព និងការបេីកទូលាយរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្រាប់ការទទួលអំណោយពីបណ្តាប្រទេសនានា ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។

លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងថា ការផ្ដល់ជូននូវអំណោយថ្ងៃនេះ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលជីវភាពប្រជាពលរដ្ឋ ហើយអំណោយថ្ងៃនេះផងដែរ ផ្ដល់ជូនប្រជាពលរដ្ឋដោយមិនប្រកាន់ពីជាតិសាសន៍ និងសាសនានោះឡើយ។

លោកទេសរដ្ឋមន្ត្រី ក៏បានរំលឹកពីគុណតម្លៃនៃសន្តិភាពដែលកម្ពុជាទទួលបាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសដែលទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ សម្ដេចតេជោ បានធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៀតនោះ រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែប្រសើរឡើងផងដែរ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា សម្ដេចតេជោ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពារ សុខសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា ពីការឆ្លងជំងឺកូវីដ-១៩។ សម្ដេចតេជោ បានខិតខំគ្រប់មធ្យោបាយ និងបានធ្វើកម្ពុជាក្លាយប្រទេសមួយ ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយលិទ្ធផលល្អ និងមានការកោតសរសើរពីជំវិញពិភពលោក។ ទាំងនេះគឺជាសមិទ្ធផលដែលកេីតឡេីងដោយកត្តាសុខសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងដោយប្រមុខរាជរដ្ឋាភិបាល សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប ដូច្នេះយេីងទាំងអស់គ្នា ត្រូវអរគុណសន្តិភាព ព្រមទាំងបន្តគាំទ្រចំពោះរាជរដ្ឋាភិបាល ដេីម្បីបន្តរក្សាបាននូវសុខសន្តិភាព ស្ថានភាព និងការអភិវឌ្ឍ ឲ្យបានយូរអង្វែងតទៅមុខទៀត។

សូមជម្រាបថា អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង៦០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម, ប្រេងឆា២លីត្រ, ស្ករស២គីឡូក្រាម, មីខ្លាឃ្មុំ១០កញ្ចប់, ត្រីខ៤កំប៉ុង, អំបិល១គីឡូក្រាម, សាប៊ូដុសខ្លួន៤ដុំ និងសាប៊ូលាងចាន ១ដប។

សម្រាប់អំណោយដែលទទួលបានពីធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB) ដែលជាធនាគាររបស់បណ្ដាប្រទេស ជាសមាជិកនៃអង្គការ សហប្រតិបត្តិការឥស្លាម (OIC) ដែលមាន៥៧ប្រទេស ជាសមាជិក និងមានស្នាក់ការកណ្ដាល នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានសហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សម្រាប់ចែកជូនប្រជាពលរដ្ឋកម្ពុជាមាន៣,០០០កញ្ចប់ ក្នុងនោះចែកជូនប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញ ចំនួន៦០០កញ្ចប់, កណ្តាល ៤០០កញ្ចប់, កំពង់ឆ្នាំង ៤៥០កញ្ចប់, កំពង់ស្ពឺ ២០០កញ្ចប់, ពោធិ៍សាត់ ៦០០កញ្ចប់, បាត់ដំបង ៤៥០កញ្ចប់ និងខេត្តបន្ទាយមានជ័យ ៣០០កញ្ចប់។

ធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB) ក៏បានផ្តល់អាហារូបករណ៍ដល់និស្សិតបញ្ញវន្តមុស្លិមកម្ពុជាសរុបចំនួន ១០៥នាក់ ក្នុងនោះមានស្រី ៤២នាក់ និងមាន ២៤ជំនាញខុសៗគ្នា ដោយគិតមកដល់សព្វថ្ងៃនេះ បានបញ្ចប់ការសិក្សា ៩៤នាក់ (ស្រី៣៥នាក់) ក្នុងនោះសិក្សាក្នុងប្រទេសមានចំនួន ៥៣នាក់ (ស្រី១៩នាក់) សិក្សានៅប្រទេសឥណ្ឌូនេសុី ៣៣នាក់ (ស្រី១២នាក់) និងសិក្សាប្រទេសប៉ាគីស្ថាន ០១នាក់។

អ្នកកំពុងបន្តការសិក្សាក្រោមអាហារូបករណ៍នៃ ធនាគារខាងលើមានចំនួន ១១នាក់ ស្រី០៧នាក់ សិក្សានៅក្នុងប្រទេសកម្ពុជា។ គិតមកត្រឹមបច្ចុប្បន្ននេះមាន ០៧នាក់ ដែលជាអតីត និសិ្សតអាហារូបករណ៍ខាងលើ បានក្លាយជាអ្នកនយោបាយជាន់ខ្ពស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ លើសពីនោះទៀតនោះ ធនាគារអភិវឌ្ឍន៍ឥស្លាម ក៏បានជួយសាងសង់សាលារៀនជាច្រើនខ្នងដល់សហគមន៍ឥស្លាមកម្ពុជា ដូចជានៅមជ្ឈមណ្ឌលឥស្លាមកម្ពុជា និងនៅតាមបណ្ដារាជធានី-ខេត្ត ផ្សេងៗជាច្រើនទៀតផងដែរ៕