(ភ្នំពេញ)៖ មន្ត្រីតុលាការថ្លែងប្រាប់ឲ្យដឹងថា លោក ងិន ពេជ្រ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០២ ខែមិថុនានេះ សម្រេចចោទប្រកាន់លោកមេធាវី ពេជ រតនា ពីបទប៉ុនប៉ងសូកប៉ាន់ចំពោះចៅក្រម តាមមាត្រា៥១៨នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ។ បច្ចុប្បន្នសំណុំរឿងនិងជនត្រូវចោទ ត្រូវបានបញ្ចូនទៅលោក លី លិបម៉េង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ដំណាក់កាលនេះចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួន ឬ មិនឃុំខ្លួនលោកមេធាវី ពេជ រតនា។
មន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងអះអាងប្រាប់អង្គភាព Fresh News ថា មានសមាជិកគណៈមេធាវីកម្ពុជា ជិត១០០នាក់ ផ្តិតមេដៃលើលិខិត ស្នើសុំកុំឲ្យមានការឃុំខ្លួនលោក ពេជ រតនា ដែលត្រូវបានចាប់ខ្លួនដោយ អង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងអំពើពុករលួយ។
ឆ្លើយតបនឹងករណីសមាជិកគណៈមេធាវីជិត១០០នាក់ ផ្តិតមេដៃស្នើសុំកុំឲ្យមានការឃុំខ្លួនលោក ពេជ រតនា ត្រូវបានលោក ឱម យ៉ិនទៀង ប្រមុខដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងបញ្ជាក់ប្រាប់អង្គភាព Fresh News វិញថា «មេធាវីជាសសរមួយ របស់ច្បាប់មុនធ្វើអ្វីត្រូវគិតដល់ច្បាប់ជាធំ»។
ការថ្លែងឆ្លើយតបរបស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបែបនេះ ធ្វើឡើងបន្ទាប់ពីមានសមាជិកគណៈមេធាវី កម្ពុជាជិត១០០នាក់ បានផ្តិតមេដៃស្នើសុំកុំឲ្យមានការឃុំខ្លួនលោក ពេជ រតនា ដែលត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើ ពុករលួយ ពាក់ព័ន្ធនឹងអំពើពុករលួយ៕