(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ផែនការឱ្យភាគីពាក់ព័ន្ធទាំងអស់ដោះស្រាយការងារ ដែលនៅសេសសល់ និងយកមកពិភាក្សារកដំណោះស្រាយឱ្យបានរួចរាល់ មុនដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ។
លោក ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិន (CRBC) ដឹកនាំដោយលោក Sun Yao Guo ប្រធានវិស្វករ ដើម្បីពិនិត្យពិភាក្សា លើចំណុចត្រូវធ្វើឱ្យប្រសើរឡើងនូវការងារដែលនៅសេសសល់ និងត្រៀមដាក់ឱ្យដំណើរការសាកល្បង ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នាពេលឆាប់ៗខាងមុខ។
កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយកវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន និងលោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូន រាជធានី/ខេត្ត ដែលពាក់ព័ន្ធ។
ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះទីតាំងសាងសង់បង្គោលអង់តែនទូរសព្ទសំខាន់ៗមួយចំនួន នៅតាមបណ្តោយផ្លូវល្បឿនលឿន ភ្នំពេញ- ព្រះសីហនុ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឯកភាពជាមួយក្រុមហ៊ុន CRBC ផ្តល់ជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការរៀបចំបំពាក់បង្គោល តាមនីតិវិធីរបស់ខ្លួនជាមួយភាគីពាក់ព័ន្ធ។
បន្ថែមពីនេះលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរ និងអំណរគុណទៅកាន់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដែលបានអនុវត្ត ការងារសាងសង់លឿនជាងគម្រោងដែលបានគ្រោងទុកក្នុងកិច្ចសន្យា។
សូមជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះសម្រច បាន ៩៦,៦០% គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គម្រោងសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹងក្លាយជាផ្លូវល្បឿនលឿនថ្មី និងដំបូងបំផុតនៅកម្ពុជា និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្រ្តសំខាន់បំផុត ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពី រាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងថយមកប្រមាណពីរម៉ោងប៉ុណ្ណោះ ព្រមទាំងជួយកាត់បន្ថយ តម្លៃដឹកជញ្ជូនផងដែរ៕