(ភ្នំពេញ)៖ គណៈប្រតិភូជាតិ និងអន្តរជាតិ ដែលចូលរួមក្នុងឱកាសសន្និសីទអន្តរជាតិ ស្តីពី «ការការពារ និងការទប់ស្កាត់ការជួញដូរចរាចរ សម្បតិ្តវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន» នឹងទៅទស្សនាប្រាសាទកោះកេរ និងរូបតំណាងព្រះស្កន្ទកុមារ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តព្រះវិហារ ទីតាំងដែលវត្ថុបុរាណខ្មែរ ត្រូវបានគេលួចយកទៅជួញដូរខុសច្បាប់។

កម្មវិធីទស្សនកិច្ចទីតាំងវប្បធម៌នេះ រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយបើតាមមន្ត្រីក្រសួងវប្បធម៌ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា គណៈប្រតិភូជាតិ និងអន្តរជាតិ ដែលនឹងទៅទស្សនាប្រាសាទកោះកេរ និងរូបតំណាងព្រះស្កន្ទកុមារ មានប្រមាណជាង ១០០នាក់។

នាពេលកន្លងទៅថ្មីៗនេះ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសហរដ្ឋអាមេរិក កម្ពុជាទទួលបាននូវរូបបដិមាដ៏មានតម្លៃ គឺព្រះគណេស (Ganesha) និងព្រះស្កន្ទ (Skanda) ដែលចម្លាក់ទាំងពីរនេះ មាននៅប្រាសាទកោះកេរ ដែលជារាជធានីនៃអាណាចក្រខ្មែរបុរាណពីឆ្នាំ៩២៨ ដល់ ៩៤៤ នៃគ.ស។ ប្រាសាទកោះកេរ ធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំ នៅក្នុងអំឡុងសម័យសង្គ្រាម។

មន្ត្រីក្រសួងវប្បធម៌ បានបញ្ជាក់បន្ថែមថា «អ្នកចូលរួមទាំងអស់ នឹងបានទៅដល់ទីតាំងបុរាណ ដែលទទួលរងអំពើចោរកម្ម និងការបំផ្លិចបំផ្លាញ ដែលបង្កឡើងដោយការធ្វើពាណិជ្ជកម្មវត្ថុបុរាណខុសច្បាប់ នៅតាមតំបន់បេតិកភណ្ឌវប្បធម៌»

កម្ពុជា បាននិងកំពុងជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្ដីពី «ការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន» ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដែលសន្និសីទនេះ រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមសហការដោយ Antiquities Coalition នៅសហរដ្ឋអាមេរិក ដើម្បីពិភាក្សា លើការការពារ និងការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលកំពុងរងការគម្រាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបក្នុងតំបន់អាស៉ីអាគ្នេយ៍, សហគមន៍ក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ ដែលជាកត្តាចាំបាច់របស់ប្រជាជននៃតំបន់អាស៉ីអាគ្នេយ៍។

បំណងសំខាន់នៃសន្និសីទខាងលើ គឺអញ្ជើញមន្ត្រីរដ្ឋាភិបាល មន្ត្រីជំនាញជាន់ខ្ពស់ មកពីជុំវិញពិភពលោក ទាំងថ្នាក់ដឹកនាំផ្នែកគោលនយោបាយ ការអនុវត្តច្បាប់ សារមន្ទីរ ទីផ្សារសិល្បៈ និងអង្គការ សង្គមស៊ីវិលនានា មករួមគ្នាគិត រួមគ្នាបង្កើត និងរិះរកយន្តការដ៏រឹងមាំក្នុងការការពារអតីតកាលក្នុងតំបន់សម្រាប់មនុស្សជំនាន់ក្រោយ និងការព្យាយាមទាមទារមកវិញ នូវសម្បត្តិវប្បធម៌ជាតិនៃអាស៊ាន។

«តាមរយៈសន្និសីទអន្តរជាតិខាងលើនេះ សង្ឃឹមជឿជាក់ថាប្រជាជាតិអាស៊ាន និងដៃគូសន្ទនា នឹងមិនព្រងើយកន្ដើយឡើយ បើសិនបានឃើញនូវសម្បត្តិវប្បធម៌របស់ប្រទេសណាមួយ ត្រូវបានដាក់លក់នៅលើទីផ្សារសិល្បៈអន្តរជាតិ និងជួយរាយការណ៍ ឬផ្តល់ព័ត៌មានដល់ប្រទេសសាម៉ី ដើម្បីឈានដល់ការចាត់វិធានការស្នើសុំទៅប្រទេសដើមវិញដោយសន្ដិវិធី»។ នេះបើតាមមន្ត្រីក្រសួងវប្បធម៌៕