(ភ្នំពេញ)៖ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានចុះឆ្មក់បង្រ្កាបល្បែងសុីសងខុសច្បាប់ ជ្រកក្រោមស្លាកអុីនធ័រណេត នៅយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៦៥ ផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

លោក កៀង ល័ក្ស បានបញ្ជាក់ថា ទីតាំងខាងលេីនេះ មានការលួចបង្កប់នូវល្បែងសុីសងច្រេីនប្រភេទ ហើយការចុះបិទទីតាំងនេះ គឺមានការសម្របសម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ឡុង សុជាតិ ក្រឡាបញ្ជី រួមជាមួយកម្លាំងអធិការដ្ឋាននរគបាលខណ្ឌចំការមន។

ក្រោយពីធ្វើការត្រួតពិនិត្យរួចហើយ គណៈបញ្ជាការឯកភាពខណ្ឌចំការមន បានប្រគល់ទីតាំងខាងលេីជូនទៅកម្លាំងអធិការដ្ឋាននរគបាលខណ្ឌចំការមន ដេីម្បីធ្វើការផ្អាកអាជីវកម្មបណ្តោះអាសន្ន និងដកហូតសម្ភារៈទាំងអស់ និងនាំខ្លួនមនុស្ស២នាក់ យកទៅអធិការដ្ឋាននគរបាលខណ្ឌ ដេីម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕