(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ អញ្ជើញជួបសំណេះសំណាលជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ និងបានណែនាំដល់កម្លាំងទាំងអស់ យកចិត្តទុក្ខដាក់បម្រើការងារ និងចេះយោគយល់អធ្យាស្រ័យឲ្យគ្នា មានសាមគ្គីភាពផ្ទៃក្នុងល្អ។

បន្ថែមពីនេះ លោកអភិបាលខណ្ឌ បានកោតសរសើរដល់កងកម្លាំងសណ្តាប់ធ្នាប់ ដែលបានបញ្ចេញកម្លាំងកាយ កម្លាំងចិត្ត រួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការងារពង្រឹងសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្អាតបរិស្ថាន អនាម័យ សម្រួលចរាចរ និងចូលរួមសហការអនុវត្តច្បាប់ចរាចរ ត្រួតពិនិត្យអាវុធជាតិផ្ទុះ។

លោក ចេង មុនីរ៉ា បានជំរុញឲ្យកម្លាំងសណ្តាប់ខណ្ឌ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ បន្តអនុវត្តការងារពង្រឹងសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ឲ្យប្រសើរឡើងថែមទៀត ជាពិសេសត្រូវថែរក្សាសុខភាពឲ្យបានល្អជាប្រចាំ។ ដូច្នេះសូមឲ្យកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ត្រូវចូលរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ និងកម្លាំងនគរបាលខណ្ឌ ការពារសន្តិសុខ សណ្តាប់ នៅតាមគោលដៅត្រូវអនុវត្ត។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានឧបត្ថម្ភម្នាក់អង្ករចំនួន១បាវ ទម្ងន់៣០គីទ្បូក្រាម និងថវិកាមួយចំនួនផងដែរ៕