(ភ្នំពេញ)៖ ជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋដែលបាន និងកំពុងកើតមានឡើង នៅតាមបណ្តារាជធានី-ខេត្តនោះ នៅមិនទាន់ត្រូវបាន ដោះស្រាយឲ្យចប់ទាំងអស់នោះទេ ពោលស្ទើជារៀងរាល់ថ្ងៃប្រជាពលរដ្ឋនៅតាមខេត្តបានឡើងមកកាន់រាជធានីភ្នំពេញ ដើម្បីស្វែងរក ការជួយអន្តរាគមន៍ ពីថ្នាក់ដឹកនាំតាមស្ថាប័នជាតិ។
ជាក់ស្តែងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋជាង៥០គ្រួសារ ដែលមានជម្លោះដីធ្លីនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្ត ព្រះសីហនុ បានឡើងមកភ្នំពេញ ហើយពឹងក្រុមសហជីពរបស់លោក សុខ សម្បត្តិ អនុប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ជាសមាជិកគណៈចលនាសហជីពនៃគណៈចលនាមហាជន និងជាគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជាឲ្យជួយ សម្រួលនិងនាំយកទៅដាក់ពាក្យនៅស្ថាប័នជាតិមួយចំនួន។
លោក សុខ សម្បត្តិ បានថ្លែងថា នៅថ្ងៃនេះមានប្រជាពលរដ្ឋ៥០នាក់ ដែលមានជម្លោះដីធ្លីនៅសង្កាត់ស្ទឹងហាវ ខេត្តព្រះសីហនុ បាន ដាក់ញ្ញត្តិពាក់ព័ន្ធក្នុងរឿងដីធ្លី ជូនទីស្ដីការគណៈរដ្ឋមន្ដ្រី និងជូនលោករដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី ជា សុផារ៉ា ដើម្បីឲ្យជួយអន្តរាគមន៍ ដោះស្រាយ។ នៅពេលដាក់ញត្តិ នៅទីស្តីការគណៈរដ្ឋមន្រ្តីនោះត្រូវបាន លោក សេង សាវន ចេញមកទទួល ខណៈនៅក្រសួងរៀបចំ ដែនដីត្រូវបានលោក ឡាយ ផលលឹម ចេញមកទទួល។
លោក សុខ សម្បត្តិ បានបញ្ជាក់ថា ប្រជាពលរដ្ឋ៤ភូមិ នៅសង្កាត់ស្ទឹងហាវ ក្រុង-ខេត្តព្រះសីហនុ បានសុំឱ្យស្ថាប័នទាំង២ជួយធ្វើ អន្ដរាគមន៍ដោះស្រាយរកយុត្តិធម៌ ព្រោះថាដីរបស់ពួកគាត់ត្រូវបានឈ្មោះ តាន់ តាក់ និង ឡុញ វណ្ណៈ ឃុបឃិតគ្នារំលោភយកដីស្រែ ចម្ការ របស់ពួកគាត់ជាង១០០ហិចតា ដែលពួកគាត់បានកាន់កាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ពោលគឺតាំងពីពួកខ្មែរក្រហម នៅទីនោះ ក្រោយមកពួកគាត់បានទទួលបានប័ណ្ណកម្មសិទ្ធិ៧គ្រួសារហើយ។
លោកបន្ដថា ក្រោយមកលោកអភិបាលខេត្ត បានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដកដីនេះជាសម្បត្តិរដ្ឋ ព្រោះជាដីគម្របព្រៃឈើ និងជាតំបន់ហាមឃាត់ដោយមាន ស.ជ.ណ ប៉ុន្ដែក្រោយមកស្រាប់តែមាន ស.ជ.ណ ថ្មីមួយទៀត សម្រេចប្រគល់ដីនោះទៅឱ្យឈ្មោះ តាន់ តាក់ និងឈ្មោះ ឡុញ វណ្ណៈ ទៅវិញដែលជារឿងអយុត្តិធម៌ខ្លាំងណាស់ សម្រាប់ពួកគាត់។
នៅព្រឹកថ្ងៃដដែលនេះក៏មាន ប្រជាពលរដ្ឋ៥គ្រួសារផ្សេងទៀត មកពីភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ បានមកឱ្យសហជីពរបស់លោក សុខ សម្បត្តិ ជួយដាក់ពាក្យប្ដឹងទៅលោករដ្ឋមន្ដ្រី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីទាមទារដីរបស់ពួកគាត់ផងដែរ ដែលជាដីកេរមរតក ឪពុកម្តាយរបស់ពួកគាត់ចែកឱ្យមកឲ្យ តែត្រូវតុលាការសម្រេចយកដីរបស់ពួកគាត់ ទៅឱ្យឈ្មោះ ផ្សេងទៅវិញ ក្រោយមានការប្តឹងផ្តល់គ្នា។
សម្រាប់ជម្លោះដីធ្លីនេះត្រូវបាន លោក សុខ សម្បត្តិ បានបញ្ជាក់ថា បន្ទាប់ពីលោក និងក្រុមការងារ បានចុះទៅស្រាវជ្រាវ រកឃើញថាដីរបស់ពួកគាត់មានទំហំ ១៤៦៣៧ម៉ែត្រការ៉េ ត្រូវបានតុលាការកំពូលចេញសាលដីកាសម្រេចប្រគល់ដីទៅឱ្យឈ្មោះ ជិន ចាន់សារ និងឈ្មោះ វ៉ាន់ ថាន ដោយអយុត្តិធម៌ជាទីបំផុត។
លោកបន្ថែមថា ដីស្រែចម្ការពួកគាត់ត្រូវបានរដ្ឋអំណាច វាស់ចែកដល់ពួកគាត់ក្នុងអំឡុងឆ្នាំ១៩៨១ ដើម្បីបង្កបង្កើនផលអស់រយៈពេល ២៦ឆ្នាំលើដីនោះតែពួកគាត់មិនបានធ្វើប្លង់អ្វីឡើយ។ រហូតដល់ឆ្នាំ២០០៨ ស្រាប់តែមានឈ្មោះ ជិន ចាន់សារ មកអះអាងថា ដីនេះជា របស់គាត់ទៅវិញ ដោយមានប័ណ្ណកម្មសិទ្ធិកាន់កាប់ទៀតផង ហើយឈ្មោះ ជិន ចាន់សារ បាននិយាយថា ដីនេះខ្លួនបានទិញពីឈ្មោះ វ៉ាន់ ថាន។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ឈ្មោះ ជិន ចាន់សារ មានទីលំនៅភូមិ"ក" សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយពុំមានប្រវត្តិរស់នៅភូមិអន្លង់ត្នោតឡើយ។ លោក សុខ សម្បត្តិ បញ្ជាក់បន្ថែមថា បញ្ហាដីធ្លីខាងលើនេះត្រូវបានប្តឹងផ្តល់គ្នាដល់ តុលាការខេត្ត ហើយតុលាការសម្រេចប្រគល់ ឱ្យឈ្មោះជិន ចាន់សារ។
ក្រោយមកសាលាឧទ្ធរណ៍បានសម្រេចឱ្យប្រជាពលរដ្ឋ៥គ្រួសារឈ្នះ ហើយចុងក្រោយតុលាការកំពូល បានសម្រេចឱ្យ ឈ្មោះជិន ចាន់សារ ឈ្នះជាស្ថាពរវិញ។
ជុំវិញកណីនេះ លោកបានដាក់ពាក្យប្តឹង ឡើងវិញទៅសម្តេចប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោករដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្មសំណង់ លោកអភិបាលខេត្ត កំពង់ឆ្នាំង លោកប្រធានតុលាការខេត្តកំពង់ឆ្នាំង និងសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួមហាផ្ទៃដើម្បីសុំឲ្យបង្កើតគណៈកម្មការ ស្រាវជ្រាវ និងស៊ើបអង្កេតករណីនេះឡើងវិញ។ ជាចុងក្រោយ លោក សុខ សម្បត្តិ បញ្ជាក់ថា លោកសុខចិត្តដើរចូលគុក ប្រសិនបើ លោកផ្សព្វផ្សាយព័ត៌មានមិនពិត ឬរំខានដល់កិច្ចការសាធារណៈដោយបំពាន៕