(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦នេះថា ប្រសិនមានបើការចរចារ លោកជឿថា លោក កឹម សុខា ប្រធានតំណាងរាស្រ្តភាគតិច នៅក្នុងសភា (CNRP) នឹងមិនហ៊ានជួបចរចា ជាមួយតំណាងរាស្រ្តសភាភាគច្រើន ក្នុងសភា(CPP) ខណៈលោកកំពុងតែមានបញ្ហា។
លោក សុខ ឥសាន ថា លុះណាតែថ្នាក់ដឹកនាំ តំណាងរាស្រ្តភាគតិច នៅក្នុងសភា (CNRP) ជ្រើសបានថ្មី ទើបវប្បធម៌សន្ទនា រវាងតំណាងរាស្រ្តភាគតិច នៅក្នុងសភា និងតំណាងរាស្រ្តសភាភាគច្រើន ក្នុងសភាអាចកើតឡើងបាន។
ប្រាប់អង្គភាព Fresh News នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦នេះ លោក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឲ្យដឹង យ៉ាងដូច្នេះថា «ការពិភាក្សា ក្នុងក្របខណ្ឌវប្បធម៌សន្ទនា យើងត្រូវមានថ្នាក់ដឹកនាំ តំណាងរាស្រ្តភាគច្រើននៅក្នុង សភាជាមួយថ្នាក់ដឹកនាំតំណាងរាស្រ្ត ភាគតិចក្នុងសភា ហើយកន្លងមកនេះថ្នាក់ដឹកនាំមតិភាគច្រើនគឺ សម្តេចក្រឡាហោម ស ខេង ហើយថ្នាក់ដឹកនាំតំណាងរាស្រ្តភាគតិច គឺឯកឧត្តម កឹម សុខា ហ្នឹង។ ប្រសិនបើឯកឧត្តម កឹម សុខា កំពុងមានបញ្ហា តើគាត់ហ៊ាន ជួបចរចា គណបក្សសង្រ្គោះជាតិ តើមានឥស្សរជនណាដែលអាចធៀបគីឡូជាមួយ សម្តេចក្រឡាហោម ស ខេង បានយើងមិនទាន់ និយាយពីខ្លឹមសារក្របខណ្ឌនៃវប្បធម៌សន្ទនាផង។ បើនិយាយពីខ្លឹមសារក្របខណ្ឌនៃវប្បធម៌សន្ទនានិយាយ បកស្រាយពីបញ្ហា នយោបាយ តែមិន ដោះស្រាយលើបញ្ហារំលោភ ទៅលើសមត្ថកិច្ចរបស់តុលាការទេ កុំឲ្យអ្នកនយោបាយយករឿងផ្លូចច្បាប់ធ្វើជារឿង នយោបាយ ហើយក៏មិនអាចយក វប្បធម៌សន្ទនា ទៅដោះលែងទណ្ឌិតនោះទេ»។
កាលពីពេលថ្មីៗនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងឲ្យដឹងថា គណបក្សសូមស្វាគមន៍ជានិច្ច ចំពោះវប្បធម៌សន្ទនាព្រោះនេះ មិនមែនរឿងថ្មីរបស់ គណបក្សប្រជាជននោះទេ តែអត់នៅរង់ចាំការចរចានោះទេ រដ្ឋាភិបាលធ្វើដំណើរ ទៅមុខ ជានិច្ចជាមួយការងារប្រចាំថ្ងៃ ដោះស្រាយបញ្ហាទុក្ខ លំបាករបស់ប្រជាពលរដ្ឋ។ ការបង្ហាញជំហរ បើកការចរចាលើវប្បធម៌ សន្ទនា ក្រោយពីគណបក្សសង្រ្គោះជាតិ បានអះអាងថា នឹងជួបចរចា ដោយឈរលើវប្បធម៌ សន្ទនា។ ការប្រកាសជួបចរចាពី គណបក្សសង្រ្គោះជាតិ ក្រោយពី លោក កឹម សុខា ថ្នាក់ដឹកនាំគណបក្សប្រឆាំងនេះ រងនូវបណ្តឹងជាច្រើន រហូតឈាន ដល់ការ ចាប់ខ្លួនពីតុលាការ៕