(សៀមរាប)៖ កម្មវិធីទទួលទានអាហារពេលល្ងាច (Gala Dinner) នាឱកាសនេះ គឺសបង្ហាញឱ្យឃើញពីភាពរឹងមាំនៃ ចំណងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អក្នុងការអភិរក្ស និងកិច្ចការពារបេតិកភណ្ឌវប្បធម៌។
នេះបើតាមការថ្លែងរបស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុក វប្បធម៌ និងសិល្បៈ(AMCA) ថ្លែងស្វាគមន៍ទៅកាន់គណ:ប្រតិភូអាស៊ាន តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងអង្គទូតនានា ព្រមទាំងគណៈប្រតិភូសហប្រជាជាតិ និងរដ្ឋនានា ដែលបានចូលរួមក្នុងកម្មវិធីពិសាអាហារពេលល្ងាចថ្ងៃទី៦ កញ្ញា ឆ្នាំ២០២២ នៅប្រាសាទក្រវ៉ាន់ ទឹកដីអង្គរ ខេត្តសៀមរាប ក្នុងឱកាសសន្និសីទអន្តរជាតិ ស្តីពីការការពារ និងការទប់ស្កាត់ការជួញដូរចរាចរ សម្បតិ្តវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន។
លោកស្រីថ្លែងថា៖ «សំណាង ជោគជ័យ សុភមង្គល ជ័យជម្នះ! ពាក្យទាំងនេះជាពរជ័យដែលបានដកស្រង់ចេញពី សិលាចារឹករបស់ព្រះមហិន្ទ្រវរ្ម័ន ដែលជាអ្នកបង្កើតប្រាសាទក្រវ៉ាន់នេះ ជូនពរយើងទាំងអស់គ្នាឲ្យទទួលបាននូវពរជ័យគ្រប់ប្រការ ខណៈដែលយើងកំពុងស្ថិតនៅក្នុងឧទ្យានបុរាណវិទ្យាអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក មានប្រាសាទបុរាណដ៏អស្ចារ្យជាច្រើនដូចជា អង្គរវត្ត បាយ័ន និងតាព្រហ្ម…។ល។ ប្រាសាទទាំងនោះធ្វើឱ្យភ្ញៀវទេសចរមកពីជុំវិញពិភពលោកមានការកោតស្ញប់ស្ងែងយ៉ាងខ្លាំង តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន»។
លោកស្រីក៏បានលើកទឹកចិត្តដល់គណៈប្រតិភូ និងក្រុមការងារទាំងអស់ ប្រសិនបើគ្រប់គ្នាមិនទាន់បានទស្សនាប្រាសាទទាំងនោះ និងមិនទាន់បានស្វែងយល់អំពីវប្បធម៌ក្នុងស្រុកនៅឡើយទេ សូមគ្រប់គ្នាគួរទៅទស្សនា ឬទស្សនាសារជាថ្មី ព្រោះថា ប្រាសាទទាំងនោះមានលក្ខណៈពិសេស និងមានប្រវត្តិផ្ទាល់ខ្លួនដោយឡែកពីគ្នា។
លោកស្រីរដ្ឋមន្ត្រី បានបន្ថែមថា «តាមបទពិសោធន៍ យើងអាចរៀនអ្វីដែលថ្មីជាមួយនឹងការកត់សម្គាល់តាមរយៈការទស្សនា។ លើសពីនេះ ការទៅទស្សនាប្រាសាទទាំងនោះអាចធ្វើឲ្យចិត្តរបស់យើងស្ងប់ ហើយនាំឱ្យយើងអាចប្រើការស្រមើស្រម៉ៃ ប្រមើមើល និងធ្វើដំណើរចូលទៅកាន់ពិភពដ៏អស្ចារ្យនៃស្នាដៃដ៏ល្អឯកពីអតីតកាលរបស់បុព្វបុរសកម្ពុជា។ ក្នុងរាត្រីសមោសរនោះ ក្រុមគណៈប្រតិភូ បានស្តាប់និងទស្សនា ការប្រគំតន្ត្រីខ្មែរ និងការសម្តែងសិល្បៈដូចជារបាំក្ងោកប៉ៃលិន គោះត្រឡោក កន្សែងស្នេហ៍ មុនីមេខលា និងល្ខោនខោលរឿងរាមកេរ្តិ៍ ត្រង់វគ្គ ចម្បាំងពេលយប់ ជាដើម អមជាមួយនឹងអាហារចម្រុះរសជាតិបែបខ្មែរផងដែរ»។
សូមបញ្ជាក់ថា ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយអង្គការ Antiquities Coalition សហការរៀបចំសន្និសីទអន្តរជាតិ ស្តីពីការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន នៅលើទឹកដីអង្គរនៃខេត្តសៀមរាប៕