(ភ្នំពេញ)៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំវេទិកាភ្នំពេញលើកទី១ ស្តីពី «តួនាទីធនាគារខួរក្បាល អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយក្នុងបរិបទថ្មី ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»

វេទិកានេះ នឹងប្រព្រឹត្តធ្វើឡើងរយៈពេល១ថ្ងៃពេញ នៅសាលមរតកសិល្បៈខ្មែរ រាជអគារឥន្ទ្រទេវី រាជបណ្ឌិត្យសភាកម្ពុជា។

បន្ថែមពីនេះ វេទិកាភ្នំពេញលើកទី១ ក៏មានការអញ្ជើញចូលរួមពីសំណាក់វិគ្មិនល្បីៗសុទ្ធសឹងតែមានចំណេះជំនាញ និងបទពិសោធន៍ជាច្រើនទាំងខ្មែរ និងបរទេស ដើម្បីចូលខ្លួនមកជជែកពិភាក្សាលើប្រធានបទខាងលើនេះ។

វេទិកាភ្នំពេញលើកទី១ គឺជាវេទិកាពុទិស (Multi-track platform) មួយដែលត្រូវបានផ្តួចផ្តើមគំនិត និងបង្កើតឡើងដោយវិទ្យាស្ថានទំនាក់ទំនងនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលបំណងប្រមូលផ្តុំតំណាងរដ្ឋាភិបាល ធនាគារខួរក្បាល មូលនិធិស្រាវជ្រាវ ស្ថាប័នស្រាវជ្រាវ សាកលវិទ្យាល័យ ផ្នែកស្រាវជ្រាវនៃវិស័យឯកជន ទីភ្នាក់ងារប្រឹក្សាយោបល់ អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នផ្សេងៗទៀត នៅក្នុងប្រទេសអាស៊ាន ក៏ដូចជាប្រទេសជិតខាង និងប្រទេសពាក់ព័ន្ធដទៃទៀត មកធ្វើការរួមគ្នាដើម្បីលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេជាមួយនឹងការពង្រឹងតម្លាភាព និងគណនេយ្យភាព និងលើកម្ពស់សមត្ថភាពរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងតម្រូវការថ្មីរបស់អ្នកពាក់ព័ន្ធខាងក្រៅ និងក្នុងស្រុក ដើម្បីឱ្យមានការចូលរួមរបស់សាធារណជនកាន់តែទូលំទូលាយឡើង។

វេទិកានេះនឹងផ្តល់នូវអភិក្រមនៃការពិគ្រោះយោបល់ដោយបើកចំហរ និងត្រង់ទៅត្រង់មក ដែលតាមរយៈធនាគារខួរក្បាល និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ អាចដោះស្រាយបញ្ហាប្រឈមសំខាន់ៗដែលពួកគេកំពុងជួបប្រទះដោយបើកចំហរ។ វេទិកានេះ ក៏នឹងផ្តល់ឱកាសពិសេសសម្រាប់ការប្រាស្រ័យទាក់ទនងជាមួយអង្គការសង្គមស៉ិវិលដទៃទៀត និងការឆ្លុះបញ្ចាំងទៅលើខ្លួងឯងដោយងត្រង់ៗ សម្រាប់ធនាគារខួរក្បាល និងអង្គការមិនមែនរដ្ឋាភិបាល។ បន្ថែមពីលើនេះការពិគ្រោះយោបល់សំខាន់ៗ ក៏នឹងមានកិច្ចពិភាក្សាជាមួយឥស្សរជន ធនាគារខួរក្បាល និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងការព្រមទទួលយកក្នុងកម្រិតទូលំទូលាយមួយ។

វេទិកានេះក៏នឹងត្រួសត្រាយផ្លូវពុហវិមាត្រ ដើម្បីបង្កើនឥទ្ធិពលអន្តរជាតិ តាមរយៈការកំណត់របៀបវារៈឈានមុខគេមួយ ជំរុញការបង្កើត កំណែទម្រង់ និងនវានុវត្តន៍នៃរបបអន្តរជាតិ ការបង្កើតអត្តសញ្ញាណគំនិត ការចូលរួមប្រឈមមុខនឹងបញ្ហាសន្តិសុខ ប្រពៃណី និងមិនមែនប្រពៃណីដ៏ធ្ងន់ធ្ងរជាច្រើននៅខាងមុខ និងដោះស្រាយប្រកបដោយភាពស្វាហាប់នូវបញ្ហាលេចធ្លោជាច្រើន សម្រាប់ការអភិវឌ្ឍ ក្នុងតំបន់ និងបញ្ហាប្រឈមសកល។

សម្រាប់វេទិកាភ្នំពេញលើកទី១ មានគោលបំណងចំនួន៥រួមមាន៖

ទី១៖ កំណត់តួនាទីដែលមិនអាចខ្វះបានរបស់ធនាគារខួរក្បាល និងអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយក្នុងការដោះស្រាយបញ្ហាលេចធ្លោ និងការប្រឈមនានា។
ទី២៖ ពិនិត្យមើលជំហររបស់ធនាគារខួរក្បាល និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីមានឥទ្ធិពលលើដំណើរការបង្កើត និងអនុវត្តគោលនយោបាយ។
ទី៣៖ វាយតម្លៃឥទ្ធិពលនៃសាកលភាវូបនីយកម្ម និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយទៅលើធនាគារខួរក្បាល ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការមិនមែនរដ្ឋាភិបាល។
ទី៤៖ លើកទឹកចិត្តឱ្យមានអន្តរកម្មប្រកបដោយការស្ថាបនារវាងសហគមន៍នយោបាយ វិទ្យាសាស្ត្រ និងសង្គម ដែលមានវត្តមាននៅវេទិកាភ្នំពេញលើកទី១នេះ។
និងទី៥៖ អនុម័ត «គំនិតផ្តួចផ្តើមសុចរិតភាពទីក្រុងភ្នំពេញ សម្រាប់ធនាគារខួរក្បាល និងអង្គការមិនមែនរដ្ឋាភិបាល» ដែលជាគោលការណ៍ណែនាំសម្រាប់ធនាគារខួរក្បាល និងអង្គការមិនមែនរដ្ឋាភិបាល៕