(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានទទួលសវនការ និងទទួលអំណោយរបស់ ឧកញ៉ា លី សាយឃាង និងភរិយា នូវត្រីខចំនួន ២០០កេសធំ (ស្មើនឹង២ម៉ឺនកំប៉ុង) ដែលនាំយកប្រគល់ជូនដោយលោក នួន សុខចំរើន ជាតំណាងរបស់ ឧកញ៉ា លី សាយឃាង។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧកញ៉ា លី សាយឃាង និងភរិយា ដែលតែងតែ មានទឹកចិត្តសប្បុរស ផ្តល់ជូននូវអំណោយជាបន្តបន្ទាប់ជូនកាកបាទក្រហមកម្ពុជា ទាំងក្នុងទិវា៨ឧសភា និងពេលដែលមានគ្រោះមហន្តរាយទឹកជំនន់កើតមានឡើង។
ជាក់ស្តែង កម្ពុជាទទួលរងគ្រោះដោយគ្រោះទឹកជំនន់នោះ ឧកញ៉ា និងភរិយា ក៏បានផ្តល់អំណោយជូនកាកបាទក្រហមកម្ពុជា ជួយដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ផងដែរ។
លោកស្រីបានបញ្ជាក់ទៀតថា នេះជាសមានចិត្តជ្រះថ្លារបស់សប្បុរសជន ក្នុងវិស័យឯកជន ដែលបានលះបង់ធនធានជួយដល់ សង្គមជាតិ តាមរយៈការងារមនុស្សធម៌ ព្រោះយើងដឹងគ្រប់គ្នាហើយថា យើងអាចមានការងារធ្វើ ឬប្រកបមុខរបរផ្សេងៗបានគឺដោយសារតែប្រទេសយើង មានសន្តិភាព ហើយការជួយដល់ប្រជាជនងាយរងគ្រោះ និងរងគ្រោះ គឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយ កាកបាទក្រហមកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ប្រៀបដូចជាការជួយដល់សង្គមជាតិវិញដូច្នោះដែរ។
ទន្ទឹមនឹងនេះ លោកស្រីបានបញ្ជាក់ថា អំណោយនេះ បានបង្ហាញពីទឹកចិត្ត និងមនោសញ្ចេតនាជ្រះថ្លារបស់សប្បុរសជន ដែលជាស្មារតី នៃការចែករំលែក និងកម្លាំងសាមគ្គីគ្នារបស់ប្រជាជនខ្មែរ ស្រឡាញ់គ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ៕