(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាសង្ឃឹមថា កម្ពុជានឹងទាក់ទាញវិនិយោគទុន និងទេសចរអន្តរជាតិកាន់តែ ច្រើនឡើងថែមទៀត ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃវេទិការសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ២០១៧ខាងមុខ។ ទន្ទឹមនឹងការរំពឹងនេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា កម្ពុជាត្រូវថែរក្សា ស្ថេរភាព នយោបាយ សន្តិសុខសង្គម និងសុខសន្តិភាព ដើម្បីទាក់ទាញ វិនិយោគទុនបរទសមកវិនិយោគ នៅក្នុងប្រទេសឲ្យកាន់តែ ច្រើឡើងថែមទៀត។ ជាមួយគ្នានេះដែរកម្ពុជាក៏ត្រូវជំរុញការអភិវឌ្ឍន៍ ធនធានមនុស្សប្រកបដោយសមត្ថភាព ទាំងជំនាញបច្ចេកទេស ភាសាស្របជាមួយ ការរីកចម្រើននៃបច្ចេកវិទ្យាដែលជាតម្រូវការ ចាំបាច់ក្នុងការអភិវឌ្ឍន៌ប្រទេស។ នេះបើយោងតាម Facebook Page ផ្លូវការរបស់សម្តេច ហ៊ុន សែន បានផ្សព្វផ្សាយឲ្យដឹង នៅមុននេះបន្តិច។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើ Facebook Page ដូច្នេះថា «ខ្ញុំទើបបានចូលរួមបិទជាផ្លូវការនៃវេទិការសេដ្ឋកិច្ចស្តីពី អាស៊ាន (World Economic Forum on ASEAN, នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីម៉ោង៤មុននេះបន្តិច។ តាមរយៈ កិច្ចពិភាក្សាដែលមានរយៈពេលពីរថ្ងៃ កន្លងមកនេះ ដែលមានអ្នកចូលរួមជាច្រើនមកពីបណ្តាប្រទេសនានា គឺកម្ពុជាបានបង្កើន មិត្តភាពនិងផ្សាភ្ជាប់ទំនាក់ទំនង ជាមួយបណ្តាប្រទេសជាច្រើន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនានា ជាពិសេសលើវិស័យសេដ្ឋកិច្ច ដែលជាសរសៃឈាមក្នុងការអភិវឌ្ឍន៌ប្រទេស។
នៅក្នុងសហសវត្សថ្មីនេះ មិនថាតែកម្ពុជាទេ គឺប្រទេសនីមួយៗត្រូវការចែករំលែកបទពិសោធន៍ និងពង្រឹងនូវកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការ អភិវឌ្ឍន៌ប្រទេសជាតិអោយឆាប់រីកចម្រើនទៅមុខ។ កំណើនសេដ្ឋកិច្ចកម្ពុជាពេលនេះបានបង្ហាញ ឲ្យឃើញអំពីការរីកចម្រើនជាវិជ្ជមានទៅមុខ។ ទន្ទឹមនឹងនេះ កម្ពុជាត្រូវថែរក្សាស្ថេរភាពនយោបាយ សន្តិសុខសង្គម និងសុខសន្តិភាព ដើម្បីទាក់ទាញវិនិយោគទុនបរទសមកវិនិយោគ នៅក្នុងប្រទេសយើងឲ្យ កាន់តែច្រើន ឡើងថែមទៀត។ ជាមួយគ្នានេះដែរកម្ពុជា ក៏ត្រូវជំរុញការអភិវឌ្ឍន៌ធនធានមនុស្សប្រកបដោយ សមត្ថភាពទាំងជំនាញបច្ចេកទេស ភាសា ស្របជាមួយការរីកចម្រើន នៃ បច្ចេកវិទ្យាដែលជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍន៌ប្រទេស។
នៅក្នុងកម្មវិធីបិទវេទិការរសៀលនេះ យើងបានផ្សព្វផ្សាយវីដេអូអំពីកម្ពុជា និងសក្តានុពលរបស់ប្រទេសយើងជូនភ្ញៀវអន្តរជាតិទស្សនា ផងដែរ។ នៅឆ្នាំ២០១៧ខាង មុខនេះ កម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះនៃវេទិការសេដ្ឋកិច្ចេពិភពលោក ហើយយើងសង្ឃឹមថា កម្ពុជានឹង ទាក់ទាញវិនិយោគទុននិង ទេសចរណ៍អន្តរជាតិកាន់តែច្រើន ឡើងថែមទៀតជាមិនខាន»។
សម្តេចតេជោ បានបន្តទៀតថា «នៅថ្ងៃស្អែកនេះ ខ្ញុំនិងភរិយាព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នឹងចាប់ផ្តើម ទស្សនកិច្ចផ្លូវការនៅក្នុង ប្រទេសម៉ាឡេស៊ី ដើម្បីពង្រឹង មិត្តភាព និងសហប្រតិបត្តិការដើម្បីផលប្រយោជន៌នៃប្រជាជាតិយើងទាំងពីរ»៕