(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ និងបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ដីពី ផែនទីទេសចរណ៍ខេត្ត និងក្រុងបាត់ដំបង ដើម្បីធ្វើការផ្សព្វផ្សាយដល់មន្រ្ដីរាជការ ប្រជាពលរដ្ឋ និងអាជីវករ ឱ្យមានការយល់ដឹងអំពីមុខងារសំខាន់ៗនៃផែនទីទេសចរណ៍ ដែលមានលក្ខណៈជាឌីជីថលមួយនេះ។
តាមរយៈផែនទីទេសចរណ៍នេះដែរ ក៏មានភ្ជាប់មកជាមួយនូវ QR Code អនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើការចូលមើលព័ត៌មានផ្សេងៗ ឬទីតាំងរមណីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ។ល។ ដែលភ្ញៀវទេសចរចង់ទៅដោយគ្រាន់តែស្កេន QR Code នោះនឹងរត់ទៅរកគេហទំព័រផែនទីទេសចរណ៍នោះតែម្ដង។ តាមរយៈនៃការបង្ហាញផែនទីទេសចរណ៍នេះ គឺផ្តោតសំខាន់ ដើម្បីជំរុញក្នុងការផ្សព្វផ្សាយពីសក្តានុពលនៃតំបន់ទេសចរណ៍មួយចំនួននៅក្នុងខេត្តបាត់ដំបង ដើម្បីជាការទាក់ទាញជួយសម្រួលដល់ភ្ញៀវទេសចរដែលមកកម្សាន្ត និងថែមទាំងជួយសម្រួល ដល់ការសិក្សាស្វែងយល់ និងស្រាវជ្រាវ របស់សិស្សនិស្សិត ហើយក្នុងនោះក៏បានបង្ហាញ អំពីរមណីយដ្ឋាន អាហារដ្ឋាន ភោជនីយដ្ឋានដែលមាននៅក្នុងខេត្តស្រាប់ផងដែរ។
លោក សុខ លូ បានថ្លែងការកោតសរសើរ និងផ្តល់នូវការគាំទ្រចំពោះក្រុម «ស្នាដៃខ្មែរ» ដែលបានខិតខំរៀបចំគម្រោងខាងលើនេះដើម្បីជួយជំរុញដល់ការផ្សព្វផ្សាយនូវសក្តានុពលសេដ្ឋកិច្ចសង្គម និងវិស័យទេសចរណ៍នៅក្នុងខេត្តបាត់ដំបង ឱ្យកាន់តែមានភាពងាយស្រួលកាន់តែទូលំទូលាយថែមទាំងជួយបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់មកទស្សនា និងមកកម្សាន្តលេងនៅក្នុងខេត្តបាត់ដំបង ដោយគ្រាន់តែ «ស្កេន QR Code» នឹងបង្ហាញនូវផែនទីទេសចរណព្រមទាំងគោលដៅសំខាន់នានាដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិមានបំណងចង់ទៅ។
លោកក៏បានជំរុញឱ្យបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ធ្វើកិច្ចសហការជាមួយក្រុមអ្នកជំនាញដើម្បីផ្ដល់ព័ត៌មាន និងបញ្ចូលទិន្នន័យសំខាន់ៗចាំបាច់ដែលពាក់ព័ន្ធក្នុងខេត្ត ដើម្បីដាក់បញ្ចូលនៅក្នុងប្រព័ន្ធនេះឱ្យកាន់តែច្រើនបន្ថែមទៀត។
លោក សុខ លូ ក៏បានណែនាំដល់ក្រុមការងារ ធ្វើការពន្យល់ណែនាំ ដល់ប្រជាពលលរដ្ឋដែលជាម្ចាស់រមណីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ពីគុណប្រយោជន៍ នៃផែនទីទេសចរណ៍ និងបង្រៀនអំពីរបៀបនៃការបញ្ចូលទិន្នន័យដោយខ្លួនឯងចូលនៅក្នុងផែនទីទេសចរណ៍ ដើម្បីឱ្យមានព័ត៌មានកាន់តែច្រើនឡើងៗ ងាយស្រួលដល់អ្នកទេសចរណ៍ចូលមកលេង ស្នាក់នៅក្នុងខេត្តផងដែរ៕