(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំសហការី បន្តនាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាតចំនួន ១២គ្រួសារ រស់នៅក្រុងស្ទឹងសែន។
នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការដឹងគុណចំពោះវីរៈភាពដ៏ថ្លៃថ្លារបស់បងប្អូនអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ រហូតធ្លាក់ខ្លួនពិការហើយ មួយចំនួនទៀតបានពលីជីវិត ដើម្បីចូលរួមចំណែកទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានចូលរួមចំណែកអនុវត្តន៍នូវនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា និងបង្រួបបង្រួមជាតិ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ តាមលក្ខណៈគ្រួសារ និងត្រូវប្រកបមុខរបររកទទួលទាន ដោយសុច្ចរិតទៀងត្រង់ ស្របតាមច្បាប់របស់រដ្ឋនិងត្រូវចូលរួមអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។
ឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា អំណោយដែលបានឧបត្ថម្ភជូននៅពេលនេះ គឺជាអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ ចំនួន ២៥គីឡូក្រាម មីជាតិចំនួន ១កេស ត្រី ខ កំប៉ុង ចំនួន ១យួរ និងថវិកាមួយចំនួនផងដែរ។
លោកពលបាលឯក មុត ធឿន ជាអតីតយុទ្ធជនពិការដោយសារសង្គ្រាមតំណាងឱ្យអតីតយុទ្ធជន នៅក្រុងស្ទឹងសែន ដែលមានជីវភាពរលំបាកខ្វះខាត សូមគោរពថ្លែងអំណរគុណដ៏ជ្រៀលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធណ្ឌិត ព្រមទាំងបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី រួមនឹងក្រុមការងាររបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយរាល់ទុក្ខលំបាកខ្វះខាតរបស់បងប្អូនអតីតយុទ្ធជន នៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែងនៅក្នុងខេត្តកំពង់ធំទាំងមូល និងសូមគោរពចំពោះសម្តេចទាំងទ្វេ អស់លោក លោកស្រីទាំងអស់ សូមបានប្រកបនូវពុទ្ធពរទាំងឡាយ៥ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕