(ភ្នំពេញ)៖ នាយរងផ្នែកនគរបាលព្រហ្មទណ្ឌ ខណ្ឌឬស្សីកែវ លោក ម៉ៅ ចាន់ថុន បានឲ្យភ្នាក់ងារ Fresh News ឲ្យដឹងថា នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលប៉ុស្ដិ៍ឬស្សីកែវ មានទាំងប្រជាការពារសហការ និងកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានឆ្លៀតលបឆ្មក់បង្ក្រាបករណីជួញដូរ នូវសារធាតុញៀនដោយឃាត់ខ្លួនស្ត្រីម្នាក់ ដកហូតថ្នាំញៀនចំនួន១៤កញ្ចប់។
ស្ត្រីរូបនេះ បានរក្សាទុកនៅក្នុងបន្ទប់ជួលដើម្បីធ្វើសកម្មភាពចែកចាយ យ៉ាងអនាធិបតេយ្យ នៅត្រង់ចំណុចបន្ទប់ជួលលេខ1F6 ផ្លូវបេតុង ស្ថិតក្នុង ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ នាយនគរបាលប៉ុស្ដិ៍ឬស្សីកែវ លោក តូច គឹមសុង បានបញ្ជាក់ថា ការបង្ក្រាបឃាត់ខ្លួនស្ត្រីម្នាក់នេះគឺជាករណីបង្ក្រាបជាក់ស្ដែង ពាក់ព័ន្ធរក្សាទុកជួញដូរនូវថ្នាំញៀនជាប្រដោភេទម៉ាទឹកកកយខុសច្បាប់។
នាយនគរបាលប៉ុស្ដិ៍ឬស្សីកែវ លោក តូច គឹមសុង បានបញ្ជាក់ទៀតថា ស្ត្រីជាជនត្រូវជាប់សង្ស័យឈ្មោះ ពៅ បុប្ផា អាយុ២៥ឆ្នាំ មានមុខរបរលក់ដូរ មានស្រុកកំណើត និងស្នាក់នៅចំណុចកើតហេតុខាងលើ។ លោកនាយប៉ុស្ដិ៍ដដែល បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ស្ត្រីត្រូវជាប់សង្ស័យរួមជាមួយវត្ថុតាង ត្រូវបញ្ជូនទៅឃុំខ្លួនសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីរៀបចំកសាងសំនុំរឿងបញ្ជូនបន្តទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕