(ភ្នំពេញ)៖ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានថ្វាយលិខិតថ្លែងអំណរព្រះគុណ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលប្រទានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន១០០កន្លែង ដល់បណ្តាញព័ត៌មាន Fresh News ។
លោក លឹម ជាវុត្ថា បានឲ្យដឹងក្នុងលិខិតថ្វាយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី យ៉ាងដូច្នេះថា «ខ្ញុំព្រះករុណា សូមក្រាបបង្គំទូលនូវសេចក្តីថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ថ្វាយសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលបានប្រទានអាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្រ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ចំនួន១០០កន្លែង លើឯកទេសចំនួន៧ រួមមាន៖ នីតិសាស្ត្រ, គ្រប់គ្រងទូទៅ, វិទ្យាសាស្ត្រអប់រំ, អក្សរសាស្ត្រអង់គ្លេស, ព័ត៌មានវិទ្យា, ទស្សនវិជ្ជាពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរ ជូនដល់អង្គភាពព័ត៌មាន Fresh News សម្រាប់ទុកចែកជូនដល់បុគ្គលិក សិស្ស និស្សិតក្រីក្របានចូលសិក្សារៀនសូត្រ»។
លោកបន្តថា «ខ្ញុំព្រះករុណា សូមក្រាបបង្គំទូលនូវប្រសិទ្ធិពរជ័យ សិរីសួស្ដីមហាប្រសើរ ថ្វាយចំពោះ សម្ដេចមហាសង្ឃរាជ ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
សូមជម្រាបថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ដែលមានការឧត្ថម្ភគាំទ្រដោយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសាកលវិទ្យាធិការ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បិតាស្ថាបនិកសន្តិភាពកម្ពុជា។
អាហារូបករណ៍ គឺជាការផ្តល់ការអប់រំផ្សព្វផ្សាយ និងមនុស្សធម៌ ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីចូលរួមចំណែកលើកម្ពស់វិស័យអប់រំពុទ្ធិកសិក្សាជាតិ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា៕