(កំពង់ធំ)៖ លោក ហុក រិន ប្រធានក្រុមប្រឹក្សាថ្នាក់មូលដ្ឋានសាខាក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានជំរុញឲ្យក្រុមប្រឹក្សាសង្កាត់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ទើបការងារអាចរីកចម្រើនទៅមុខ។

លោក ហុក រិន បានថ្លែងនៅក្នុងកិច្ចប្រជុំសាខាក្រុងស្ទឹងសែនរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសាលាក្រុងស្ទឹងសែន ដោយមានការអញ្ជើញចូលរួមពី លោក ពេញ កែម អភិបាលក្រុង លោក គៀង សេងគី អនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធភាពជាតិថ្នាក់មូលដ្ឋាន សមាជិក សមាជិកា ក្រុមប្រឹក្សាក្រុងនិងសមាជិក សមាជិកាសង្កាត់ជាច្រើនរូប។

លោក គៀង សេងគី បានលើកឡើងថា គោលបំណងនៃការបង្កើតសាខាសមាគមនេះ គឺមានតួនាទីភារកិច្ចក្នុងការសម្របសម្រួលកិច្ចការផ្សេងៗ ដល់ក្រុមប្រឹក្សាឃុំ/ សង្កាត់ និងស្វែងរកបញ្ហាប្រឈមនានា ដើម្បីឲ្យសមាគមក្រុមប្រឹក្សាទាំងអស់ មានសិទ្ធិបញ្ចេញមតិយោបល់ ក្នុងការស្នើសុំទៅថ្នាក់លើជួយដោះស្រាយ និងជាកន្លែងបណ្ដុំព័ត៌មានសម្រាប់ជួយអភិវឌ្ឍសមត្ថភាព ដល់សមាជិកសមាគមក្រុមប្រឹក្សា។

លោកបន្តថាក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ត្រូវមានការសាមគ្គីភាពគ្នាក្នុងការធ្វើការងារ ហើយត្រូវខិតខំសិក្សាស្វែងយល់អំពីច្បាប់លើលិខិតបទដ្ឋានគតិយុត្តនានា កុំឲ្យពេលមានបញ្ហាបែរជាឆ្លើយដាក់គ្នាទៅវិញទៅមក ដោយមិនមានការទទួលខុសត្រូវនោះឡើយ ហើយត្រូវចូលរួមរាល់សកម្មភាពរបស់សមាគម ចូលរួមអភិវឌ្ឍន៍សមត្ថភាព ដោយផ្លាស់ប្ដូរឥរិយាបថមិនល្អចោល ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា តាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក ហុក រិន បានលើកឡើងថា នេះជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការអនុវត្តយ៉ាងត្រឹមត្រូវនូវលក្ខណៈរបស់សមាគមដែលជានីតិបុគ្គល តំណាងឲ្យសំឡេង និងជាអ្នកការពារផលប្រយោជន៍របស់ក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ ក្នុងខេត្តកំពង់ធំ ព្រមទាំងជាអ្នកអភិវឌ្ឍន៍សមត្ថភាព និងបង្កើតប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈដែលនឹងរួមចំណែកលើកកម្ពស់គុណភាពនៃជីវភាពរស់នៅនិងសុខុមាភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែប្រជាធិតេយ្យនៅមូលដ្ឋាន។

លោកបានសំណូមពរដល់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខិតខំពង្រឹងនូវសមត្ថភាពក្នុងការបម្រើរសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ឲ្យល្អបន្ថែមទៀត ហើយត្រូវមានការសាមគ្គីភាពរវាងគ្នានិងគ្នា ដើម្បីដើម្បីបម្រើប្រជាពលរដ្ឋឲ្យមានតម្លាភាព យុត្តិធម៌ ស្មោះត្រង់ ដែលជាសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋ និងត្រូវមានចំណេះដឹង ចែករំលែកដល់សមាជិកក្រុមប្រឹក្សា ព្រមទាំងត្រូវចេះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងការងាររបស់ខ្លួនដើម្បីរកភាពរីកចម្រើន។

លោក ហុក រិន បានសំណូមពរដល់ក្រុមប្រឹក្សាសង្កាត់ ក្រុមប្រឹក្សាក្រុង ត្រូវចូលរួមបង់ប្រាក់វិភាគដល់សមាជិកភាព ដើម្បីផ្គត់ផ្គង់ទៅដល់ក្រុមប្រឹក្សាវិញ ចូលរួមលើកកម្ពស់ក្រុមការងារ ងាយរងគ្រោះនៅតាមបណ្ដាសង្កាត់ ចូលរួមសំអាតបរិស្ថាននៅតាមដងផ្លូវ និងចូលរួមដាំដើមឈើដើម្បីលម្អសោភ័ណភាពក្រុង ទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ ជួយរៀបចំបំភ្លឺផ្លូវទីសាធារណៈត្រូវបង្កើនការយកចិត្តទុកដាក់ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា តាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ៕