(ភ្នំពេញ)៖ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា៣២នាក់ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានធ្វើទស្សនកិច្ចសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីប្រវត្តិនៃការប្រើប្រាស់រូបបិយវត្ថុនៃប្រទេសកម្ពុជា។ បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ត្រូវបានបែងចែកចេញជាពីរក្រុម និងមានមគ្គទ្ទេសក៍ ២នាក់របស់សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជាធ្វើបទបង្ហាញ។
ទស្សនកិច្ចនេះមានរយៈពេលពីរម៉ោង គឺចាប់ពីម៉ោង១០ ដល់ម៉ោង១២ថ្ងៃត្រង់ ហើយជាកិច្ចចាប់ផ្តើម មគ្គទ្ទេសក៍នាំបុគ្គលិករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ទៅទស្សនាវីដេអូឯកសារខ្លីដែលលើកឡើងអំពីចក្ខុវិស័យ នៃសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវទស្សនវិស័យទាក់ទងទៅនឹងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ព្រមទាំងផ្តល់នូវការយល់ដឹងដល់សាធារណជនកាន់តែច្បាស់អំពីទំនាក់ទំនងរវាងសេដ្ឋកិច្ច រូបិយវត្ថុ និងនយោបាយរបស់ប្រទេសកម្ពុជា ចាប់តាំងពីសម័យហ្វូណន រហូតមកដល់បច្ចុប្បន្ន។
សារមន្ទីរនេះត្រូវបានបែងចែកជា ១២ទីតាំងខុសៗគ្នា ដែលបង្ហាញអំពីហេតុការណ៍ និងមេរៀនសំខាន់ៗដែលបានដកស្រង់ចេញពីសេដ្ឋកិច្ច និងប្រវត្តិរូបិយវត្ថុរបស់ប្រទេសកម្ពុជា និងបង្ហាញអំពីទំនាក់ទំនងដ៏ស្អិតរមួតរវាងរូបិយវត្ថុ ឥណទាន កំណើនសេដ្ឋកិច្ច អតិផរណា ជាដើម។
វត្ថុជាច្រើនដែលដាក់តាំងនៅក្នុងសារមន្ទីរនេះ គឺប្រមែប្រមូលបានពីការធ្វើកំណាយ និងការស្រាវជ្រាវ ដែលរួមមាន របស់របរប្រើប្រាស់ ក្អម ចាន ឆ្នាំង ធ្វើអំពីដីដុត គ្រឿងអលង្កា កាក់ធ្វើអំពីមាស និងលោហធាតុ ម៉ាស៉ីនបោះពុម្ពកាក់ ព្រមជាមួយក្រដាស់ប្រាក់ ដែលអាណានិគមនិយមបារាំង បោះពុម្ពដើម្បីប្រើប្រាស់នៅក្នុងតំបន់ឥណ្ឌូចិន រួមមាន ប្រទេសកម្ពុជា ឡាវ និងប្រទេសវៀតណាម។ បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ធនាគាជាតិកម្ពុជាត្រូវបានបង្កើតឡើង ហើយរូបិយវត្ថុ ឬប្រាក់រៀលកម្ពុជាក៏ត្រូវបានបោះពុម្ពឡើង ដើម្បីប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដែលបានជំរុញឲ្យមានការលូតលាស់យ៉ាងខ្លាំងក្លាលើវិស័យធនាគារ ឥណទាន ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
ប៉ុន្តែការប្រើប្រាស់រូបិយវត្ថុរបស់ប្រទេសកម្ពុជា ត្រូវបានលុបបំបាត់ចោលទាំងស្រុង នៅពេលរបបខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ មិនត្រឹមតែប៉ុណ្ណោះ របបខ្មែរក្រហម បានបំផ្លាញស្ទើរតែស្រុងនូវហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សរបស់កម្ពុជា។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រូបិយវត្ថុប្រទេសកម្ពុជាត្រូវបានបោះពុម្ព និងដាក់ឲ្យប្រើប្រាស់នៅលើទីផ្សារឡើងវិញ។
តាមរយៈដំណើរទស្សនកិច្ចនេះ ធ្វើឲ្យបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាយល់ដឹងកាន់តែច្រើនអំពីសារសំខាន់នៃការប្រើប្រាស់រូបិយវត្ថុរបស់ប្រទេសកម្ពុជា នៅខណៈពេលដែលប្រទេសកម្ពុជាកំពុងជំរុញឲ្យមានប្រើប្រាស់រូបិយវត្ថុ ឬប្រាក់រៀលកម្ពុជាឲ្យកាន់តែទូលំទូលាយ៕