(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ចុះធ្វើ យុទ្ធនាការចាក់ថ្នាំបង្ការ ជំងឺឆ្លងដល់សត្វពាហនៈ នៅក្នុងស្រុកស្ទោង នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ។
ក្នុងឱកាសនេះ សាយ គឹមឡម បានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមយកសត្វពាហនៈរបស់ខ្លួនទៅចាក់ថ្នាំបង្ការជំងឺឆ្លងផ្សេងៗ តាមការជូនដំណឹងរបស់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរពាក់ព័ន្ធ។
លោកបានបញ្ជាក់ថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងថ្ងៃនេះ គឺចាក់បង្ការជំងឺសាទឹក ដល់សត្វពាហនៈចំនួនជាង២០០ក្បាល នៅក្នុងភូមិ ពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង។ លើសពីនេះសម្រាប់បណ្ដាភូមិ ឃុំផ្សេងទៀត គឺភ្នាក់ងារសុខភាពសត្វភូមិ នៅតែបន្តចាក់វ៉ាកសាំងបង្ការនេះជូនពលរដ្ឋរហូលចប់សព្វគ្រប់។
លោកបានជំរុញឲ្យប្រជាកសិករត្រូវមានការប្រុងប្រយត្ន័ខ្ពស់ចំពោះសត្វចិញ្ចឹមរបស់ខ្លួន ខណៈតំបន់មួយចំនួនត្រូវរងគ្រោះដោយទឹកជំនន់ ហើយប្រសិនបើមានបញ្ហាជំងឺអ្វីមួយកើតលើសត្វគោ ក្របី ត្រូវរាយការណ៍ទៅមន្ត្រីជំនាញដើម្បីពិនិត្យ និងព្យាបាលបានទាន់ពេលវេលា។
លោកបន្តថា ការចាក់ថ្នាំការពារជំងឺទៅលើសត្វគោ ក្របី ត្រូវធ្វើឡើងតាមរយៈមន្រ្តីចុះទៅដល់មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ ឬតាមរយៈភ្នាក់ងារ ពេទ្យសត្វតាមភូមិ ហើយរាល់ការចាក់វ៉ាក់សំាងនេះ ពុំបានតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ទេ។
លោក សាយ គឹមឡម បានណែនាំដល់ម្ចាស់សត្វពាហនៈទាំងអស់ ត្រូវធ្វើអនាម័យដល់សត្វចិញ្ចឹមរបស់ខ្លួនឲ្យបានជាប្រចាំ និងចេះតាមដានសុខភាពសត្វរបស់ខ្លួន ប្រសិនបើសុខភាពសត្វរបស់ខ្លួនមានភាពមិនប្រក្រតី សូមទាក់ទងឬរាយការណ៍ជាបន្ទាន់ ទៅភ្នាក់ងារសុខភាពសត្វភូមិ ឬអាជ្ញាធរដែនដី មេភូមិ មេឃុំ ឲ្យបានទាន់ពេលវេលាទើបពួកគាត់ជួយព្យាបាល និង ទប់ស្កាត់ការឆ្លងរីករាលដាលនៅក្នុងសហគមន៍បាន៕