(ភ្នំពេញ)៖ កម្លាំងនគរបាលមូលដ្ឋាន នៃអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ បានបាញ់យុវជន២នាក់ បណ្តាលឲ្យត្រូវជើងជនរងគ្រោះ ម្នាក់រងរបួសដោយសារតែពួកគេបានបើកម៉ូតូ គេចចេញពីគោលដៅ ត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក របស់សមត្ថកិច្ច។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលមូលដ្ឋាន ខណ្ឌឬស្សីកែវ បានដាក់គោលដៅត្រួតពិនិត្យ ច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចផ្លូវជាតិលេខ៥ ត្រង់ស្ថានីយ៍ប្រេងសូគីមិច សង្កាត់ឬស្សីកែវ ពេលនោះស្រាប់តែមានយុវជន២នាក់ ជិះម៉ូតូមួយគ្រឿងមកដល់ ក៏បើកគេចពីការត្រួតពិនិត្យ។
សេចក្តីរាយការណ៍បានបន្តទៀតថា ពេលដែលពួកគេបានបើកម៉ូតូគេចខ្លួននោះ ស្រាប់តែកម្លាំងនគរបាល បានបើកម៉ូតូដេញតាម ហើយដោយសារតែសង្ស័យជាមុខសញ្ញាអ្វីមួយនោះ និងថែមហៅមិនឈប់ផងនោះ ក៏បាញ់មួយគ្រាប់បណ្តាលឲ្យត្រូវជើងខាងស្តាំ យុវជនម្នាក់។ ក្រោយការចាប់ខ្លួនពួកគេទាំង២នាក់ ត្រូវបាននាំខ្លួនភ្លាមៗ នៅសួរនាំបន្តទៀត នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្ត៕