(រតនគិរី)៖ លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសដំបូងបង្អស់ ដែលបានអនុវត្តយុទ្ធនាការដោះស្រាយបញ្ហាវិបត្តិអន្ទាក់ នៅក្នុងតំបន់ការពារធនធានធម្មជាតិ ដើម្បីសង្គ្រោះសត្វព្រៃពីអន្ទាក់របស់ព្រានព្រៃ។
ផ្អែកតាមរបាយការណ៍របស់អង្គការ WWF ក្នុងឆ្នាំ២០២០ ស្តីពី ភាពស្ងាត់ស្ងៀមនៃអន្ទាក់ និងវិបត្តិអន្ទាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានប៉ាន់ប្រម៉ាណថា អន្ទាក់ប្រហែល ១២.៣លាន បាននឹងកំពុងគំរាមគំហែងសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ ចំនួន១១កន្លែង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ឡាវ និងកម្ពុជា។
យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បង្ហាញថាជាមធ្យម ក្នុង១ឆ្នាំ មានអន្ទាក់សរុបចំនួនប្រមាណជាង ៤ម៉ឺនអន្ទាក់ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិ ដែលចំនួននេះ ទើបដោះចេញបានប្រមាណ ២០ភាគរយប៉ុណ្ណោះ ក្នុងចំណោមអន្ទាក់ដែលជនល្មើសបានដាក់រាយនៅក្នុងតំបន់ការពារ។ អន្ទាក់ទាំងនោះ មានដូចជា៖ ប្រភេទអន្ទាក់ឆក់ ខ្សែភ្លើង អន្ទាក់អង្គប់ដែកវាយបំបាក់ស្មងជើងសត្វ និងប្រភេទផ្សេងៗទៀត ខណៈកាំភ្លើងកែច្នៃ ដែលជាផ្នែកមួយគំរាមកំហែងដល់សត្វព្រៃ ក៏ត្រូវបានរឹបអូសក្នុងចំនួនកើនឡើង។
ក្នុងសន្និសីទសារព័ត៌មានស្តីពី «អន្ទាក់សូន្យ នៅក្នុងតំបន់ការពារធនធានធម្មជាតិកម្ពុជា» កាលពីពេលថ្មីៗនេះ ដែលរៀបចំឡើងនៅខេត្តរតនគិរី ដែលជាខេត្តគោលដៅទី៦ នៃយុទ្ធនាការ នាតំបន់ខាងកើតទន្លេមេគង្គ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ, លោក សេង ទៀក បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រទេសកម្ពុជា គឺជាប្រទេសទី១ គេបង្អស់ហើយដែលអនុវត្តន៍បញ្ហាវិបត្តិអន្ទាក់នៅក្នុងប្រទេស ដើម្បីឆ្លើយតបទៅនឹងវិបត្តិអន្ទាក់ ក្រោយមការដឹកនាំផ្តួចផ្តើមដោយក្រសួងបរិស្ថាន និងអង្គការដៃគូពាក់ព័ន្ធនានា»។
លោក សេង ទៀក បានបន្តថា តាមរយៈការដាក់ចេញនូវយុទ្ធនាការអន្ទាក់សូន្យ បានបង្ហាញពីកិច្ចខិតខំប្រឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធនានា ទៅលើការងារដោះស្រាយ និងបញ្ហាដែលបានគំរាមកំហែងទៅលើសត្វព្រៃ។
បន្ថែមពីនេះ ប្រធានអង្គការរូបនេះ បានបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យនេះកម្ពុជា បានរៀនសូត្របន្ថែមលើបទពិសោធន៍ជាច្រើនលើបញ្ហាដែលបង្កឡើងដោយសារតែអន្ទាក់ ដូច្នេះ ក្រសួងបរិស្ថាន ព្រមទាំងអង្គការដៃគូ នឹងអាចចែករំលែកបទពិសោធន៍ដែលកំពុងនឹងអនុវត្តន៍នេះទៅបណ្តាប្រទេសដទៃទៀត។
«ខ្ញុំជាអង្គការមួយដែលមានការិយាល័យជាង ១០០ប្រទេស ត្រូវបានគេសួរថាតើអ្នកឯង បានធ្វើយ៉ាងដូចម្តេចបានធ្វើការរួមគ្នាល្អម៉េស ដើម្បីដោះស្រាយបញ្ហាវិបត្តិនេះ»។ នេះជាការលើកឡើងបន្ថែមរបស់លោក សេង ទៀក។
បើតាមលោក នេត្រ ភក្ត្រា បានឱ្យដឹងថា សម្រាប់យុទ្ធនាការអន្ទាក់សូន្យដែលបានដាក់ចេញនៅតាមខេត្តគោលដៅចំនួន៦នេះ មិនមែនមានន័យថាត្រូវបិទបញ្ចប់នូវយុទ្ធនាការទាំងស្រុងនោះទេ ប៉ុន្តែ យុទ្ធនាការនេះនឹងត្រូវធ្វើដូចភ្លៀងរលឹម ដើម្បីបញ្ជ្រាបការយល់ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតដល់ប្រជាពលរដ្ឋនៅគ្រប់ស្រទាប់វណ្ណៈ ពីសារគុណតម្លៃ និងសារសំខាន់នៃធនធានធម្មជាតិ និងសត្វព្រៃដែលមានវត្តនៅកម្ពុជា។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បាន ថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តគាំទ្រពេញទំហឹងចំពោះការធ្វើយុទ្ធនាការអន្ទាក់សូន្យនេះ។ លោកថានឹងភ្ជាប់យុទ្ធនាការនេះទៅក្នុងវេទិកាសាធារណៈ និងកិច្ចប្រជុំនានារបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ជារៀងរាល់កិច្ចប្រជុំនានាបន្ថែមទៀត ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃយុទ្ធនាការអន្ទាក់សូន្យនេះ និងបន្តកិច្ចខិតខំប្រឹងប្រែង រួមគ្នាគឺធ្វើយ៉ាងណា ដើម្បីឱ្យប្រជាពលរដ្ឋផ្លាស់ប្ដូរឥរិយាបថ បញ្ឈប់ការបរបាញ់ជួញដូរ និងបរិភោគសាច់សត្វព្រៃ។
លោកអភិបាលខេត្ត បានបញ្ជាក់ថារដ្ឋបាលខេត្តរតនគិរីនឹងដាក់បម្រាមនៅគ្រប់ទីផ្សារក្នុងខេត្ត ទីប្រជុំជន ជាពិសេសនៅតាមភោជនីយដ្ឋាន ដែលតែងតែទទួលយកសាច់សត្វព្រៃ មកធ្វើម្ហូបអាហារជូនភ្ញៀវ៕