(ព្រះវិហារ)៖ ក្រសួងកិច្ចការនារី អង្គការអេឌីឌី អន្ដរជាតិកម្ពុជា និងរដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានសហការគ្នា បើកវគ្គបណ្ដុះបណ្ដាលស្ដីពីសមភាពយេនឌ័រ និងបរិយាប័ន្នពិការភាព ក្រោមអធិបតីភាពលោកស្រី ញាន សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ នៃក្រសួងកិច្ចការនារី។

វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក សុខ សាន្ដតារ៉ា អភិបាលរង តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក សុខ សាន្ដតារ៉ា នាយកអង្គការអេឌីឌី អន្ដរជាតិកម្ពុជា មន្ទីរជំនាញពាក់ព័ន្ធ និងសមាជិកក្រុមការងារ ឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត នៅភោជនីយដ្ឋាន លី ហួត ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោកស្រី ញាន សុចិត្រា បានគូសបញ្ជាក់ថា អ្នកដែលមានពិការភាពបានជួបប្រទះនូវការលំបាក និងបញ្ហាប្រឈមជាច្រើន ជាពិសេសស្ដ្រីដែលមានពិការ ភាពត្រូវទទួលរងនូវអំពើហិង្សា និងការរើសអើងជាច្រើន ច្រើនជាងស្ដ្រីធម្មតារហូតដល់ទី៣ដង។ លោកស្រីបញ្ជាក់ទៀតថា សម្រាប់ខេត្តព្រះវិហារ គឺមានជនពិការភាពដល់ទៅ ៥,៤០% ក្នុង នោះស្ដ្រី និងក្មេងស្រី មានពិការភាពមានប្រមាណជាង ៥,៩៥% នៃប្រជាជនសរុបក្នុងខេត្ត និងបានស្ថិតក្នុងលំដាប់លេខរៀងទី៧ ដែលមានជនពិការភាពច្រើនជាងគេ បើធៀបទៅនឹងបណ្ដារាជធានីខេត្តនៅទូទាំងប្រទេស។

លោកស្រីបានថ្លែងបន្ដថា រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រ ស្ដីពីពិការភាព ដោយបានគិតគូរយ៉ាងល្អិតល្អន់អំពីការដោះស្រាយជូនជនមានពិការភាព ដើម្បីបង្កើនការងារ និងសន្ដិសុខ សេដ្ឋកិច្ច ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់កំណើនការងារសមស្រប និងការពង្រឹងពង្រីកអាជីព និងមុខរបរដើម្បីបង្កើនជីវភាពរស់នៅបានសមរម្យជូនជនមានពិការភាព។

លោកស្រីក៏បានបានអំពាវដល់គ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន ត្រូវលើកទឹក និងអនុវត្តប្រកប ដោយការទទួលខុសត្រូវខ្ពស់ និងដោយភ្ញាក់រលឹក នូវកាតព្វកិច្ចជ្រើសរើសជនមានពិការភាព ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពឱ្យចូលបម្រើការងារ បន្ដនិរន្ដរភាពការងារ ដូចអ្នកដ៏ទៃ ដែលមានចែងក្នុងច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធជនពិការ។

លោក លន់ បូរិទ្ធី នាយកអង្គការអេឌីឌី អន្ដរជាតិកម្ពុជា បានថ្លែងថាវគ្គបណ្ដុះបណ្ដាល នាពេលនេះធ្វើឡើងរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២២ ក្នុងគោលបំណងក្នុងការបង្កើនការយល់ដឹងស៉ីជម្រៅ ដល់អ្នកផ្ដល់សេវាឆ្លើយតបអំពើ ហិង្សាទាក់ទងនឹងយេនឌ័រក្នុងតំបន់គោលដៅ បង្កើនការគិតគូរស៉ីជម្រៅក្នុងការឆ្លើយតបតម្រូវ ការរបស់ស្ដ្រីមានពិការភាពដែលរងគ្រោះ ពីអំពើហិង្សាដោយបរិយាប័ន្នពិការភាព និងទស្សនៈ យេនឌ័រ។

លោក សុខ សាន្ដតារ៉ា បានលើកឡើងថា នៅក្នុងខេត្តព្រះវិហារ សម្រាប់ជនមានពិការភាពក្រៅក្របខណ្ឌមានចំនួន ២,៧៩២នាក់ ស្រី ១,១៤៧នាក់ ជាក់ស្ដែង ជនពិការដែលបានពិនិត្យ និងអនុម័ត មានចំនួន ២,៥០៥នាក់ ស្រី ១,១៤៧នាក់ ក្នុងនោះ យោធិន និងនិវត្តជន ចំនួន ៨២៥នាក់ ទទួលបានប័ណ្ណ និងប្រាក់ឧត្ថម្ភ ក្នុងក្របខណ្ណនៅមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត៕