(ព្រះសីហនុ)៖ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងស្នងការនគរបាលខេត្ត បានធ្វើការចែកមួកសុវត្ថិភាព ចំនួន២៩២មួក ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យក្រុងព្រះសីហនុ និងបានធ្វើការផ្សព្វផ្សាយលើបញ្ហាចំនួន២ចំណុច ដើម្បីឱ្យពួកគាត់កាន់តែយល់ដឹងបន្ថែមទៀត ក្រៅពីបានរៀនសូត្រក្នុងសាលា។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងថា គោលការណ៍ផ្សព្វផ្សាយទាំង២ចំណុចនោះ រួមមាន៖ទី១. ផ្សព្វផ្សាយការយល់ដឹងស្តីពី ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក (នាំគ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដ៏ទៃ) និងទី២.ផ្សព្វផ្សាយអំពីផលប៉ះពាល់ និងចាកចេញឲ្យឆ្ងាយ ពីការប្រើប្រាស់គ្រឿងញៀន។ តបតាមការសំណូមពររបស់នាយកសាលា លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានជួយឧបត្ថម្ភដល់លោកគ្រូម្នាក់ និងសិស្ស២នាក់ ក្នុងម្នាក់ទទួលបាន អង្ករ ចំនួន២បាវ និងថវិកា ចំនួន២០ម៉ឺនរៀល ផងដែរ៕