(កូរ៉េខាងត្បូង)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ពេលនេះបាន និងកំពុងដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំចំនួន៣ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

កិច្ចប្រជុំទាំងនោះ រួមមាន កិច្ចសន្ទនាការពារជាតិសេអ៊ូលឆ្នាំ២០២២, កិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិសាធារណរដ្ឋកូរ៉េ-អាស៊ាន និងកិច្ចប្រជុំក្រុមការងារសន្តិសុខលំហរ និងសន្តិសុខព័ត៌មានវិទ្យា ដែលបានរៀបចំឡើង នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។

គណៈប្រតិភូក្រសួងការពារជាតិ ដែលចូលរួមកិច្ចប្រជុំការពារជាតិទាំងនេះ រួមមានតំណាងអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស, តំណាងអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច, តំណាងអគ្គនាយកដ្ឋានទាក់ទងអន្តរជាតិ តំណាងការិយាល័យសន្តិសុខសាយប័រ នាយកដ្ឋានបញ្ជូនសារជាដើម។

វេទិកាសន្តិសុខអន្តរជាតិប្រចាំឆ្នាំ ដែលរៀបចំឡើងដោយ ក្រសួងការពារជាតិកូរ៉េខាងត្បូង ជាកិច្ចពិភាក្សាពាក់ព័ន្ធនឹងការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ការគំរាមកំហែងតាមអ៉ិនធើណិត សន្តិសុខអវកាស និងបញ្ហាប្រឈមផ្សេងទៀត។ កិច្ចសន្ទនាថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិទីក្រុងសេអ៊ូល ឬហៅកាត់ថា SDD បានប្រព្រឹត្តទៅនៅសណ្ឋាគារ Lotte ក្នុងទីក្រុងសេអ៊ូល ក្រោមប្រធានបទ «របៀបដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ស្មុគស្មាញ»៖ ការពង្រឹងសាមគ្គីភាពអន្តរជាតិ។

កិច្ចប្រជុំ SDD ជាជំនួបទល់មុខដោយផ្ទាល់លើកដំបូង ចាប់តាំងពីឆ្នាំ២០១៩មក បន្ទាប់ពីមានការរីករាលដាលជំងឺកូវីដ១៩ ដោយបានប្រមូលផ្តុំមន្ត្រីការពារជាតិជាន់ខ្ពស់ និងអ្នកជំនាញស៊ីវិលមកពី៥៤ប្រទេស អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬណាតូ។

លោក Shin Beom-chul អនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំជាមួយសមភាគីពី សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដើម្បីពិភាក្សាអំពីផែនការរយៈពេលមធ្យម និងរយៈពេលវែង សម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។ នៅថ្ងៃបន្ទាប់លោកនឹងកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយប្រទេសដៃគូអាស៊ីប៉ាស៊ីហ្វិកចំនួនបី អូស្ត្រាលី នូវែលសេឡង់ និងជប៉ុន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការរក្សាសាមគ្គីភាពក្នុងការការពារ «តម្លៃ និងបទដ្ឋាន»៕