(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% ដល់បណ្តាញព័ត៌មាន Fresh News ចំនួន ១០០កន្លែង។ នេះបើតាមលិខិត របស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ ដែលប្រទានមកលោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានបន្ទូលក្នុងលិខិតនេះថា «អាត្មាភាពសូមចម្រើនពរផ្ដល់ជូនអាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្រ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ចំនួន ១០០កន្លែង លើឯកទេសចំនួន៧ រួមមាន៖ នីតិសាស្ត្រ, គ្រប់គ្រងទូទៅ, វិទ្យាសាស្ត្រអប់រំ, អក្សរសាស្ត្រអង់គ្លេស, ព័ត៌មានវិទ្យា, ទស្សនវិជ្ជាពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរ»

ក្នុងលិខិតដដែលបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ដែលមានការឧត្ថម្ភគាំទ្រដោយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសាកលវិទ្យាធិការ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បិតាស្ថាបនិកសន្តិភាពកម្ពុជា។

អាហារូបករណ៍ គឺជាការផ្តល់ការអប់រំផ្សព្វផ្សាយ និងមនុស្សធម៌ ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីចូលរួមចំណែកលើកម្ពស់វិស័យអប់រំពុទ្ធិកសិក្សាជាតិ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា៕