(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានបើកវគ្គ «បណ្ដុះបណ្ដាលជំនាញថែទាំមនុស្សចាស់» នាសណ្ឋាគារភ្នំពេញ។

លោក តូច ចាន់នី អគ្គសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «កម្មវិធីបណ្ដុះបណ្ដាលជំនាញថែទាំមនុស្សចាស់» បានលើកឡើងថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺផ្ដោតសំខានលើ៖

១៖ ផ្សព្វផ្សាយដល់សិក្ខាកាម សិស្ស-និស្សិត និងសាធារណជនយល់ដឹងអំពីជំនាញថែទាំមនុស្សចាស់

២៖ ចង់ឱ្យសិក្ខាកាមសិស្ស-និស្សិត និងសាធារណជន ដែលមានបំណងចង់ទៅបម្រើការងារជាកម្មសិក្សាការី នៅប្រទេសជប៉ុន លើជំនាញថែទាំមនុស្សចាស់

៣៖ ចង់បង្ហាញថា នៅកម្ពុជាសព្វថ្ងៃជំនាញថែទាំមនុស្សចាស់ គឺជាជំនាញមួយថ្មី ដែលទើបតែបង្កើត ហើយជំនាញថ្មីដែលមានមជ្ឈមណ្ឌលជាតិគាំពារមនុស្សចាស់ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាស្ថាប័នបណ្ដុះបណ្ដាលមួយលើជំនាញនេះដំបូងគេ

៤៖ ក្រុមហ៊ុនប្រូខេស អេស៊ា ខូ អិលធីឌី គឺជាដៃគូសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្នុងការធ្វើការបណ្ដុះបណ្ដាលជំនាញថែទាំមនុស្សចាស់

៥៖ ទទួលបានឱកាសការងារទាំងក្នុង និងក្រៅប្រទេស។

សិក្ខាសាលានេះ រៀបចំដោយ ក្រុមហ៊ុនប្រូខេស ព្រមទាំងសមាជិកសមាគមន៍ទូទៅ នៃ មជ្ឈមណ្ឌល ភាពជាដៃគូអន្តរជាតិ (IPC) សហការជាមួយនាយកដ្ឋានមនុស្សចាស់និងអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

លោក តូច ចាន់នី បានលើកឡើងថា ចាប់តាំងពីរឆ្នាំ២០១៩មក ពិភពលោកបានបន្ដប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការសុខាភិបាល និងរដ្ឋបាល ដោយឈរលើគោលការណ៍ជាក់ស្ដែងនិយម និងទន់ភ្លន់ ប៉ុន្ដែម៉ឺងម៉ាត់ ព្រមទាំងបត់បែនទាន់ពេលទៅតាមសភាពការណ៍តម្រូវ ដូចជាការអប់រំ ការធ្វើចត្ដាឡីស័ក ការផ្អាកសកម្មភាពនានាដែលមានហានិភ័យ ការបើកយុទ្ធនាការចាក់វ៉ាក់សាំង និងការព្យាបាលអ្នកជំងឺ ធ្វើឱ្យកម្ពុជា មានលទ្ធភាពបើកឱ្យដំណើរការសេដ្ឋកិច្ច និងសង្គមទាំងស្រុងឡើងវិញ។

ទន្ទឹមនឹងនេះផងដែរ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ គឺជាកម្មវិធីអន្តរា គមន៏មួយរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលដែលរីករាលនែជំងឺកូវីដ-១៩ សម្រាប់គ្រួសារដែលមានប័ណ្ណសមធម៌ ប្រភេទ១និង២ ដោយប្រើប្រាស់យន្តការដែលមានស្រាប់ តាមរយៈ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩, ជនមានពិការភាព, មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើង និងគ្រួសារក្រីក្រដែលមានសមាជិកផ្ទុកជំអឺអេដស៌ ដែលដឹកនាំ គ្រប់គ្រង និងអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានកិច្ចសហការជាមួយនឹងក្រុម ប្រឹក្សាជាតិគាំពារសង្គម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទែ ក្រសួងផែនការ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះ មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើង ប្រមាណ៣៥៩ ៥៥៦នាក់ ទទួលបានពីឧបត្ថម្ភសាច់ប្រាក់។

លោកបានបន្ថែមថា ទោះបីជា កម្ពុជាស្ថិតក្នុងបរិការណ៍នៃការរាតត្បាតរបស់ជំងឺកូវីដ-១៩ ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា នៅតែបានបន្ដចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្ដគោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ឱ្យមានលក្ខណៈល្អប្រសើរ តាមរយៈការរៀបចំផែនការសកម្មភាពឆ្នាំ២០២១-២០២៥ នៃគោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០។

គួរបញ្ជាក់ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កើតសមាគមមនុស្សចាស់ឱ្យបានចំនួន ១៦៤៦ឃុំ សង្កាត់ នៅក្នុងរាជធានី ខេត្ដ ទូទាំងប្រទេស សំដៅជួយដោះស្រាយការលំបាករបស់មនុស្សវ័យចាស់ និងជួយគ្នាទៅវិញទៅមក។ ទន្ទឹមនេះផងដែរ ក្រសួងបានដាក់ឱ្យដំណើរការមជ្ឈ មណ្ឌលជាតិគាំពារមនុស្សចាស់ ក្នុងការផ្ដល់សេវាការបណ្តុះបណ្តាលជំនាញថែទាំមនុស្សវ័យចាស់ តាមរយៈភ្នាក់ងារសង្គមកិច្ច ដែលមានវិជ្ជាជីវៈត្រឹមត្រូវ៕