(ភ្នំពេញ)៖ លោក TANINAI Ichitomo អនុប្រធានបេសកកម្មការទូតជប៉ុនប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី បានសម្តែងនូវការអបអរសាទរ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានដឹកនាំ គ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ។
លើសពីនោះ ជប៉ុនក៏បានស្នើសុំការគាំទ្រ ពីក្រសួងសុខាភិបាល ក្នុងការបន្តកិច្ចសហការ ហើយជប៉ុនក៏ប្ដេជ្ញាបន្តគាំទ្រ វិស័យសុខាភិបាលបន្ថែមទៀតផងដែរ។
ការថ្លែងដូច្នេះរបស់លោក TANINAI Ichitomo ក្នុងឱកាសលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល អនុញ្ញាតឲ្យចូលជួបសំដែងការគួរសម ដែលធ្វើឡើងនាទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ។
លោក TANINAI Ichitomo ក៏បានថ្លែងអំណរគុណដល់ លោកស្រីរដ្ឋលេខាធិការ និងក្រសួងសុខាភិបាល ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងល្អ ជាមួយដៃគូរបស់ប្រទេសជប៉ុនកន្លងមក។
ជាការឆ្លើយតប លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន តាមរយៈអនុប្រធានបេសកកម្មការទូតជប៉ុនប្រចាំកម្ពុជា ដែលបានផ្តល់ការគាំទ្រដល់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាល ការផ្គត់ផ្គង់សម្ភារៈបរិក្ខារ។ លើសពីនោះមានទាំងការផ្តល់នូវរថយន្តគិលានសង្គ្រោះ ចំនួន១០០គ្រឿង, ម៉ាស៊ីនផលិតអុកស៊ីសែន ដាក់នៅតាមមន្ទីរពេទ្យចំនួន១១កន្លែង និងសម្ភារៈបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មួយចំនួនទៀត ក្នុងកាលៈទេសៈនៃការរាលដាលជំងឺកូវីដ១៩ ដែលបានចូលរួមចំណែកអាចឱ្យកម្ពុជាបើកដំណើរការទាំងសេដ្ឋកិច្ច និងសង្គម ឡើងវិញ។
លោកស្រីរដ្ឋលេខាធិការ ក៏បានជម្រាបជូនភាគីជប៉ុន អំពីបទពិសោធន៍នៃការគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ដែលជោគជ័យនេះកើតឡើងពីការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាអគ្គមេបញ្ជការដឹកនាំចង្អុលបង្ហាញផ្ទាល់៕