(កំពង់ស្ពឺ)៖ កីឡដ្ឋានខេត្តកំពង់ស្ពឺ តម្លៃជាង៤លានដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កីឡដ្ឋានខេត្តកំពង់ស្ពឺនេះ ជាគំនិតផ្ដួចផ្ដើមសាងសង់របស់ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ។
ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បានលើកឡើងថា ពិតណាស់ជាទូទៅកីឡានាំមកនូវសុខភាព នាំនូវសាមគ្គីភាព ជាងនេះការកសាងកីឡដ្ឋានបានបង្កើនប្រាក់ចំណូលរបស់រដ្ឋបាលខេត្តថែមទៀត។ លោកគូសបញ្ជាក់ថា គ្រប់ការសាងសង់ត្រូវតែឈរលើគោលការណ៍ច្បាប់ ជាក់ស្តែងការកសាងកីឡដ្ឋាននេះ គឺមានច្បាប់គ្រប់គ្រាន់។
លោកបន្ថែមទៀតថា បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ ពិតជាមានការអភិវឌ្ឍដ៏គួរឲ្យចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគមកពីគ្រប់ទិស ហើយបន្ថែមទាំងមានកីឡដ្ឋានដ៏ស្អាតអាចបន្ថែមទាំងភ្ញៀវទេសចរផងដែរ។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានសង្កត់ធ្ងន់ថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍ មានមន្ទីរពេទ្យ សាលារៀន ប្រទេសជាមានស្ថេរភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយគ្រាន់តែពលរដ្ឋប្រឹងប្រែងហាត់ប្រាណលេងកីឡា កុំចាំដល់ពេលខ្លួនមានជំងឺទើប ងាករកការហាត់ប្រាណ កាលណាមានសុខភាពហើយយើងបានឃើញការអភិវឌ្ឍរបស់ប្រទេសជាតិ។
គួរជម្រាបថា កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបានសាងសង់ឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ដែលមានតម្លៃនៃការសាងសង់សរុប ៤,២៥០,៦៩៥ដុល្លារ ក្នុងស្មារតីរួមគ្នាដើម្បីលើកកម្ពស់មុខមាត់ និងកិត្យានុភាព របស់ខេត្តកំពង់ស្ពឺផង និងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ លើវិស័យកីឡានៅកម្ពុជា ឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ខាងមុខនេះផង។
កីឡដ្ឋានខេត្តកំពង់ស្ពឺ ចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ដោយក្រុមហ៊ុន Camfield Trading Co.Ltd (KH) ដោយមានការសិក្សាបច្ចេកទេសប្លង់ស្ថាបត្យកម្មដោយក្រុមហ៊ុន Mekong Co.ltd (VN) សាងសង់លើផ្ទៃដីដែលមានទំហំ ៤៣,៤០២ម៉ែត្រក្រឡា មានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ចម្ងាយប្រមាណជាង៤គីឡូម៉ែត្រពីផ្លូវជាតិលេខ៤ ក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
គម្រោងសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបានសាងសង់ជា២ដំណាក់កាល គឺដំណាក់កាលរៀបចំសាងសង់របងជុំវិញ៨០០ម៉ែត្រ និងក្លោងទ្វារធំទាំង២ នៃកីឡដ្ឋាន និងបន្ទាប់ជាការសាង សង់សំណង់អគារទីលានបាល់ទាត់ ហេដ្ឋារចនាសម្ព័ន្ធនានាទាំងក្នុង និងក្រៅបរិវេណកីឡដ្ឋាន ស្របពេលជាមួយការសាងសង់សួនកុមារ កន្លែងហាត់ប្រាណសម្រាប់សាធារណជន និងការបំពាក់ អំពូលសូឡាក្នុងបរិវេណកីឡដ្ឋាន។
សំណង់អគារអាចផ្ទុកអ្នកទស្សនាបានចំនួន៣,០០០នាក់ មានទំហំ៨,៨៤៨ ម៉ែត្រការ៉េ កម្ពស់៣ជាន់ (ជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២) អគារមានកម្ពស់១៣,១៥ម៉ែត្រ គិតដល់ដំបូល មានកម្ពស់១៥.២៧ម៉ែត្រ និងមានបណ្ដោយប្រវែង ៩១.៩ម៉ែត្រ ទទឹងប្រវែង២២.៥ម៉ែត្រ។ ជាន់ផ្ទាល់ដី ចែកចេញជា២៥បន្ទប់ រួមមាន បន្ទប់ទឹក៨ (ស្រី៤ ប្រុស៤) មានឃ្លាំង៤បន្ទប់ បន្ទប់ការិយាល័យ៤ បន្ទប់កីឡាករ ៣បន្ទប់ សម្រាប់មន្ត្រីគ្រប់គ្រងការប្រកួត ២បន្ទប់ បន្ទប់លក់សំបុត្រ ២បន្ទប់ បន្ទប់ពេទ្យ១ និងបន្ទប់ប្រជុំ១។
ជាន់ទី១ ចែកជា ៨បន្ទប់ រួមមាន បន្ទប់ទឹក៤ (ស្រី២ ប្រុស២) បន្ទប់រង់ចាំ១ បន្ទប់ទទួលភ្ញៀវ VIP ១ និងឃ្លាំងតូចចំនួន២។ ជាន់ទី២ ចែកជា ២បន្ទប់ រួមមាន បន្ទប់សម្រាប់ អធិប្បាយការផ្សាយផ្ទាល់១ និងបន្ទប់ការិយាល័យចំនួន១។
ទីលានបាល់ទាត់មានបណ្តោយ ១១០ម៉ែត្រ និងទទឹង៧៣ម៉ែត្រ ក្រាលដោយស្មៅសិប្បនិម្មិត និងមានរៀបចំប្រព័ន្ធលូបង្ហូរទឹកព័ទ្ធជុំវិញតារាង។ ទីលានរត់ប្រណាំងមានប្រវែង ៤០០ម៉ែត្រ ទទឹង ៩.៧៦ម៉ែត្រ និងទទឹងពីទីលានរត់មករបងប្រវែង ១០ម៉ែត្រ។ បង្គោលភ្លើងបំភ្លឺទីលានបាល់ទាត់៤ដើម មានកំពស់៤០.២០ម៉ែតត្រ ទម្ងន់៣,០០០គីឡូ និងមានបំពាក់អំពូលចំនួន៤២គ្រាប់ ដែលមានកម្រិតពន្លឺ១,២០០។ មានបំពាក់អំពូលសូឡាជុំវិញបរិវេណកីឡដ្ឋាន២០០ដើម នៅជុំវិញ បរិវេណខាងក្នុង។
មានសាងសង់ទីតាំងតម្កល់រូបសំណាក និងឆ្លាក់រូបសំណាក ដែលមានប្រវែង បណ្ដោយ ១២ម៉ែត្រ និងទទឹង ៤,៥ម៉ែត្រ ព្រមទាំងបានឆ្លាក់រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ១អង្គ និងសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតិញាណ ១អង្គ ដែលធ្វើអំពីថ្មភក់។ ការរៀបចំបរិវេណជុំវិញផ្នែកខាងក្នុង ដោយមានរបងព័ទ្ធជុំវិញតារាងបាល់ទាត់ ផ្លូវបេតុង ជុំវិញ ប្រព័ន្ធលូបង្ហូរ ស្រះទឹក ចំណតរថយន្ត និងសួនកុមារ និងទីលានហាត់ប្រាណសម្រាប់ សាធារណជនទំហំ ២,០០០ម៉ែត្រការ៉េ និងមានបំពាក់ឧបករណ៍ក្មេងលេង (Playground) មួយឈុតធំ ឧបករណ៍ហាត់ប្រាណ១០គ្រឿង ព្រមទាំងមានឧបករណ៍កម្សាន្តមួយចំនួនទៀត៕