(កំពង់ធំ)៖ លោក ថា យ៉ាវ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ បានចុះជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ និងបានក្រើនរំលឹកសិស្សថ្នាក់ទី១២ ប្រឹងប្រែងរៀនសូត្រទ្វេដង ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឲ្យទទួលបានជោគជ័យ។

ការជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ របស់លោក ថា យ៉ាវ ធ្វើឡើងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងស្រុកប្រាសាទបល្ល័ង្ក និងស្រុកកំពង់ស្វាយ។

លោក ថា យ៉ាវ បានថ្លែងទៅកាន់សិស្សានិសិស្សត្រៀមប្រឡងទាំងអស់ត្រូវខិតខំ និងយកចិត្តទុកដាក់រៀនសូត្រពិសេសក្នុងអំឡុងពេលនៃ ការបង្រៀនបំប៉នត្រូវមករៀនឲ្យបានទៀងទាត់ និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអង្គទាំង៤គឺ សុ .ចិ. បុ.លិ ដោយចេះស្ដាប់, ចេះកត់ត្រា, ឆ្ងល់ និងចេះ។

លោក ថា យ៉ាវ ក៏ផ្ដល់គ្រូសម្រាប់ជួយបង្រៀនបំប៉នដល់សិស្សថ្នាក់ទី១២ ក្នុងស្រុកប្រាសាទបល្ល័ង្ក និងស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដល់សិស្សានុសិស្សត្រៀមប្រឡងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ ដើម្បីទទួលបានលទ្ធល្អជាទីគាប់ចិត្ត។ ការផ្ដល់គ្រូសម្រាប់ឲ្យជួយបង្រៀនបំប៉ន ដល់សិស្សថ្នាក់ទី១២ក្នុងស្រុកទាំង២នេះ ជាការយកទុកដាក់ពីសំណាក់លោក ជា ចាន់តូ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ និងក្រុមការងារយុវជនធនាគារជាតិនៃកម្ពុជា។

លោក ថា យ៉ាវ សង្ឃឹមថាការប្រឡងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២នេះសិស្សថ្នាក់ទី១២ ក្នុងស្រុកប្រាសាទបល្ល័ង្ក និងស្រុកកំពង់ស្វាយនឹងមានសិស្សទទួលបាននិទ្ទេសAច្រើនជាងឆ្នាំសិក្សាមុនៗ។

សូមជម្រាបថា ក្នុងស្រុកប្រាសាទបល្ល័ង្កសិស្សត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមាន២៤៧នាក់ សិស្សនារីមាន១៤២នាក់ និងស្រុកកំពង់ស្វាយមានចំនួន៣១១នាក់ សិស្សនារីមានចំនួន១៧៦នាក់៕