(ភ្នំពេញ)៖ រយៈពេល៥ខែ ឆ្នាំ២០១៦នេះ មនុស្ស១៩នាក់ បានស្លាប់១៥នាក់ បានរងរបួស និង១០នាក់ជួបពិការភាព ដោយសារគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរមីន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ បានឲ្យដឹងដែរថា នៅក្នុងខែឧសភា ឆ្នាំ២០១៦ មានអ្នករងគ្រោះដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន១១នាក់ ដែលជាអាត្រាគ្រោះថ្នាក់ខ្ពស់ជាងបណ្តាខែមុនៗ ក្នុងឆ្នាំ២០១៦។
អាជ្ញាធរមីន បានឲ្យដឹងថា ខ្លួនបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន ដើម្បីចែកជូនគ្រួសារជនរងគ្រោះផងដែរ។
អាជ្ញាធរមីន បានបញ្ជាក់ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ខ្លួននឹងបន្តដឹកនាំសម្របសម្រួល ត្រួតពិនិត្យ និងរាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយអាត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងរំដោះផ្ទៃដីជូនប្រជាពលរដ្ឋ ជាពិសេសពង្រីកវិសាលភាព ក្នុងការរួមចំណែកអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
អាជ្ញាធរមីន បានអំពាវប្រតិបត្តិករបោសសម្អាតមីនជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងរំដោះផ្ទៃដីជូនប្រជាពលរដ្ឋ ឲ្យកាន់តែទទួលជោគជ័យថែមទៀត ស្របតាមការណែនាំ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រែក្លាយពីដីពេជ្ឈឃាដ ឲ្យក្លាយទៅជាដីអភិវឌ្ឍន៍។
អាជ្ញាធរមីន បានអំពាវនាវដល់ប្រជាពលរដ្ឋ កំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះឃាតកលាក់មុខនេះ ហើយត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានជាបន្ទាន់ បើសិនជាបានឃើញ ឬសង្ស័យជាយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕