(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាព របៀបរៀបរយ ក្នុងទីក្រុងបាត់ដំបង ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបង ដើម្បីឲ្យមានការយល់ដឹងអំពីគោលបំណង នៃការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ការកាត់សំយ៉ាបមុខផ្ទះ ឬផ្ទាំងប៉ាណូពាណិជ្ជកម្មធំៗ និងការលាបថ្នាំពណ៌ផ្ទះជាដើម។

នាឱកាសនោះ លោក សុខ លូ បានថ្លែងនូវអំណរគុណ និងការកោតសរសើរចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិរក្សទាំងអស់ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយរដ្ឋបាលខេត្តបាត់ដំបង ក្នុងការសហការរៀបចំការកាត់សំយ៉ាបផ្ទះ ការកាត់ផ្ទាំងប៉ាណូពាណិជ្ជកម្មធំៗនៅមុខផ្ទះ ដែលនេះគឺជាមោទនភាពមួយដែលប្រជាពលរដ្ឋចូលរួមយ៉ាងដូច្នេះ ហើយក៏បានធ្វើការរៀបចំសាងសង់សំយ៉ាបផ្ទះថ្មី ដែលស្របតាមគោលការណ៍ប្លង់រួមមួយ ដែលរដ្ឋបាលខេត្តបានកំណត់រួច។ ចំណែកត្រង់ចំណុចផ្លូវឡាអេ និងផ្លូវព្រះវិហារចិន ក៏មានការរៀបចំសំយ៉ាប រៀបចំសណ្ដាប់ធ្នាប់ដូចគ្នាដែរ។

លោកអភិបាលខេត្ត បានបន្តទៀតថា ចំពោះការសាងសង់សំយ៉ាបថ្មីនេះ គឺមិនមានការបង្ខិតបង្ខំឡើយ ពោលគឺប្រជាពលរដ្ឋអាចធ្វើក៏បាន មិនធ្វើក៏បាន ហើយចំពោះប្រជាពលរដ្ឋដែលសាងសង់សំយ៉ាបថ្មីនេះ គឺមិនអាចឲ្យអ្នកណាលើសអ្នកណាឡើយ គឺត្រូវមានប្រវែងស្មើៗគ្នា និងប្រកបដោយភាពរឹងមាំ មានប្រក់ក្បឿងដូចគ្នា។

បើតាមលោក សុខ លូ សព្វថ្ងៃនេះរដ្ឋបាលខេត្តបាត់ដំបង បានខិតខំយ៉ាងខ្លាំងក្នុងការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ឲ្យកាន់តែមានរបៀបរៀបរយ ក្នុងនោះការរៀបចំទុកដាក់សំរាម ការប្រមូលជនញៀនថ្នាំ ជនមានសតិមិនគ្រប់ និងជនអនាថាដែលនៅតាមសាធារណៈ ការកាត់ដើមឈើក្នុងក្រុងគ្រប់ប្រភេទ ដើម្បីរក្សាសណ្ដាប់ធ្នាប់ក្នុងក្រុង។

ជាមួយគ្នានេះ លោកបានសំណូមពរដល់ប្រជាពលរដ្ឋ សហការជាមួយរដ្ឋបាលខេត្ត ក្នុងការចេះទុកដាក់រៀបចំសំរាមរបស់ខ្លួន ពិសេសចូលរួមក្នុងការបង់ថ្លៃជូនដល់ក្រុមហ៊ុនប្រមូលសំរាម ដើម្បីឲ្យក្រុមហ៊ុនមានលទ្ធភាព ក្នុងការទិញជារថយន្តបន្ថែម ឬឧបករណ៍ ឬមានបុគ្គលិកសម្អាតកាន់តែច្រើន និងធ្វើការប្រមូលសំរាមឲ្យកាន់តែឆាប់រហ័សជាងមុន៕