(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃមកនេះ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានទទួលពាក្យបណ្តឹងសរុបចំនួន ១៧ករណី ពាក់ព័ន្ធនឹងការស្នើអន្តរាគន៍ជួយសង្គ្រោះពីការបង្ខាំង និងជួញដូរពលកម្ម ក្នុងនោះក៏មានការជួយសង្គ្រោះជនបរទេស២៣នាក់ផងដែរ។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានបើកប្រតិបត្តិការរំដោះជនរងគោះចំនួន២៣នាក់ (ស្រី៣នាក់) មានជនជាតិចិន ១៥នាក់ ជនជាតិចិនតៃវ៉ាន់ ៧នាក់ និងជនជាតិវៀតណាម ៧នាក់ និងឥណ្ឌូនេស៊ី១នាក់ផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជានេះផងដែរ៕