(ភ្នំពេញ)៖ អ្នកឧញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរី ឡេង ណាវ៉ាត្រា បានប្រកាសបរិច្ចាគផ្ទះចំនួន២០ខ្នង ជូនរាជរដ្ឋាភិបាល ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ការប្រកាសចូលរួមជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ ពីសំណាក់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយឃើញឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចង់ឲ្យក្រុមហ៊ុនសាងសង់ផ្ទះ ទៅផ្សាយគំរូផ្ទះនៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប ទីដែលពលរដ្ឋបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ ចេញពីតំបន់រណីយដ្ឋានអង្គរ ហើយទទួលបានដីឡូតិ៍ ដែលផ្តល់ពីរាជរដ្ឋាភិបាលនៅតំបន់នោះ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះនៅលើបណ្ដាញសង្គម Facebook យ៉ាងដូច្នេះថា «បុរី ឡេង ណាវ៉ាត្រា មានកិត្តិយសសូមចូលរួមបរិច្ចាគផ្ទះគំរូចំនួន២០ ខ្នងជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតែឯក ខេត្តសៀមរាប ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា»

សូមជម្រាបថា ថ្មីៗនេះ រាជរដ្ឋាភិបាល បានផ្តល់ឲ្យប្រជាពលរដ្ឋ ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រណីយដ្ឋានអង្គរ ទៅចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ នៅតំបន់រុនតាឯក ក្នុងមួយគ្រួសារទទួលបានដីចំនួន ១ឡូតិ៍ ទំហំ ២០ ម៉ែត្រ x ៣០ ម៉ែត្រ។

សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាននិងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕