(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា និងអភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៥០គ្រួសារ ស្ថិតនៅក្នុងភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

នាឱកាសនោះ ក្នុងលោក ចេង មុនីរ៉ា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោលឡើយ»

ជាមួយគ្នានេះ លោកក៏សូមឲ្យគ្រួសារទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាព ដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងសូមកុំធ្វេសប្រហែស ពីជំងឺកូវីដ-១៩ ដោយបន្តអនុវត្តវិធានការណ៍ការពារខ្លួនជានិច្ច គឺ៣ការពារ និង៣កុំ។ លោកបានបញ្ជាក់ថា អំណោយដែលចែកជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ឃីដមួយកញ្ចប់ និងថវិកាមួយចំនួន៕