(សៀមរាប)៖ ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធាន និងអនុប្រធាននាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអំពាវនាវឱ្យមន្រ្តីទាំងអស់ធ្វើការដោយស្មារតីសាមគ្គីគ្នា គោរពគ្នា និងយោគយល់គ្នាទៅវិញទៅមក។
ពិធីប្រកាសចូលកាន់តំណែងនេះធ្វើឡើងនារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅអាជ្ញាធរជាតិអប្សរា។
លោក ភឿង សកុណា បានបង្ហាញអារម្មណ៍ចូលរួមអបអរសាទរដល់តួនាទីថ្មីរបស់មន្រ្តីអាជ្ញាធរជាតិអប្សរា។ លោកស្រីបានចាត់ទុកភារកិច្ចថ្មីនេះថាបានបង្ហាញយ៉ាងច្បាស់ចំពោះការខិតខំប្រឹងប្រែងក្នុងការងារបស់មន្រ្តីគ្រប់រូបក្នុងការបម្រើស្ថាប័ន។ តួនាទីជារឿងមួយ តែស្មារតី ការងារ និងក្ដីស្រឡាញ់ចំពោះការងារឯណោះទេ ដែលប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ចាត់ទុកថាជាបុគ្គលិកលក្ខណៈរបស់មន្រ្តីគ្រប់រូប ដែលទើបទទួលភារកិច្ចថ្មីនៅពេលនេះ។
លោកស្រី ភឿង សកុណា បានបន្តថា ស្ថាប័នមួយរីកចម្រើនទៅបាន មិនមែនដោយសារតែថ្នាក់ដឹកនាំ មន្រ្តីថ្នាក់លើទេ តែសុទ្ធសឹងកើតឡើងពីការចូលរួមពីបុគ្គលិក ឬពលករពីក្រោមទៅ ទាំងអ្នកជួសជុលប្រាសាទ សម្អាតបរិស្ថាន និងផ្នែកសណ្ដាប់ធ្នាប់ជាដើម ដែលមានចំណែកជួយឱ្យស្ថាប័នឬអង្គភាពមានភាពរឹងមាំរហូតដល់សព្វថ្ងៃ។
លោកស្រីក៏បានលើកទឹកចិត្តដល់មន្រ្តីទាំងអស់ ពិសេសមន្រ្តីទើបទទួលបានតួនាទីថ្មីនៅពេលនេះឱ្យបន្តខិតខំប្រឹងប្រែងបន្តទៀត ដើម្បីអនាគតទៅថ្ងៃមុខ។ លោកស្រីរដ្ឋមន្រ្តី បានចាត់ទុកតួនាទីថ្មីនេះថាជាអំរែកមួយបន្ថែមទៀត និងកោតសរសើរចំពោះការលះបង់ដើម្បីអង្គរ។
បន្ថែមពីនេះ លោស្រី ភឿង សកុណា ក៏អំពាវនាវឱ្យមន្រ្តីទាំងអស់ធ្វើការដោយស្មារតីសាមគ្គីគ្នា គោរពគ្នា និងយោគយល់គ្នាទៅវិញទៅមក ដ្បិតថាគ្រប់គ្នាសុទ្ធតែមានបន្ទុករៀងៗខ្លួនដើម្បីបុព្វហេតុអង្គរ។
លោកស្រីរដ្ឋមន្រ្តី ភឿង សកុណា ផ្ដាំទៅមន្រ្តីគ្រប់រូបផងដែរថា ភាពហ្មត់ចត់ និងច្បាស់លាស់នឹងការងារជាទុនសំខាន់ក្នុងការក្លាយខ្លួនជាថ្នាក់ដឹកនាំមួយរូបនាពេលអនាគត៕