(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានបន្ដបើកសវនាជំនុំជម្រះលើសំំណុំរឿងរបស់ អតីតឧត្តមសេនីយ៍ ឌួង ងៀប ជាមួយជនជាតិចិនតៃវ៉ាន់ ពាក់ព័ន្ធនឹងបទល្មើសក្លែងឯកសារ ឆបោក និងចេញសែកច្រើនលានដុល្លារ ហើយតុលាការក៏ប្រកាសបន្តសវនាការលើកក្រោយទៀត នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងសវនាការនៅព្រឹកមិញនេះ អតីតឧត្តមសេនីយ ឌួង ងៀប ត្រូវបានលោក ស៊ិន វណ្ណរ័ត្ន ប្រធានក្រុមប្រឹក្សារជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ព្រមានចំៗថា លោកនឹងដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ ឬ្ញស្ថាប័នពាក់ព័ន្ធ ប្រសិនបើមានជាលើកទីបី ក្នុងករណីអវត្តមានជនត្រូវចោទ ឌួង ងៀប និងការមិនព្រមស្លៀកពាក់ដូចជនត្រូវចោទដទៃៗទៀតពេលចូលសវនាការ។

លោក ឌួង ងៀប ត្រូវបានឆ្មាំពន្ធនាគាររាជធានីភ្នំពេញ PJ ដឹកមកចូលក្នុងសាលសវនាការ ដោយស្លៀកសំលៀកបំពាក់ដូចជនគ្មានពិរុទ្ធភាព ដែលទង្វើនេះខុសគោលការគ្រប់គ្រងរបស់ពន្ធនាគារ និងមិនស្មើភាពគ្នាចំពោះមុខច្បាប់សម្រាប់ជនជាប់ចោទ។

ចំណែកតំណាងអយ្យការ លោក សេង ហៀង ក៏បានព្រមានចំៗដែរថា លោក ឌួង ងៀប មិនបានចូលខ្លួនមកឲ្យតុលាការជំនុំជម្រះទោសរបស់ខ្លួនចំនួន២លើករួចមកហើយ លើកនេះចូលខ្លួនមក ប៉ុន្តែមិនបានគោរពតាមបទវិន័យ នៃនីតិវិធីក្នុងអង្គសវនាការ។ នៅក្នុងរង្វង់ក្រចកសេះ លោក ឌួង ងៀប បានអះអាងថា លោកគ្មានមេធាវីមកការពារខ្លួនទើបខកខានមិនខូលរួមក្នុងសវនាការកន្លងមក។

លោក ឌួង ងៀប កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ឃាត់ខ្លួន រួចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ PJ ពាក់ព័ន្ធនឹងបទល្មើសក្លែងឯកសារ ឆបោក និងចេញសែកច្រើនលានដុល្លារដែលប្រព្រឹត្តទៅកាលពីចន្លោះឆ្នាំ២០២០-២០២១។

លោក ឌួង ងៀប ត្រូវបានចាប់ឃាត់ខ្លួន ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន» មានទឹកប្រាក់ជាង៧លានដុល្លារ ដែលត្រូវបានប្ដឹងដោយអ្នកវិនិយោគជនជាតិចិនតៃវ៉ាន់ចំនួន២នាក់។

កន្លងទៅ លោក ឌួង ងៀប ធ្លាប់បានដាក់ពាក្យស្នើសុំនៅក្រៅឃុំជាបណ្ដោះអាសន្នដែរ ប៉ុន្តែត្រូវបានតុលាការបដិសេធដោយតុលារការ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ៕