(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានផ្ញើលិខិត គោរពថ្លែងអំណរគុណ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ដែលបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណៈភាពមហាឧបាសិកា ញឹម តេង ត្រូវជា ម្តាយក្មេករបស់លោកជំទាវ។

ក្នុងសារលិខិតរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ដូច្នេះថា៖

«សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ជាទីគោរពដ៏ខ្ពង់ខ្ពស់!

នាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាពញាចក្រី និង សម្តេចធម្មវិសុទ្ធវង្សា ដែលបានផ្ញើសារលិខិតរំលែកទុក្ខបុណ្យសពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ញឹម តេង ត្រូវជាមាយក្មេករបស់នាងខ្ញុំ ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣:៤៥ នាទីរសៀល ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសនេះផងដែរ នាងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា ការពារ សម្តេចអគ្គមហាពញាចក្រី និង សម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំង បុត្រ និងចៅៗជាទីស្រលាញ់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ និង សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីនាងខ្ញុំ»៕