(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ផ្ដល់ពូជស្រូវផ្ការំដួល៨តោន ដែលរៀបចំដោយមន្ទីរកសិកម្មខេត្ត ជូនប្រជាកសិករ២ឃុំ ស្មើរ២០០គ្រួសារ ក្នុងស្រុកកណ្ដៀង នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ។ ក្នុងពិធីនេះដែរក៏មានការចូលរួមពី លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្រ្ដ មណ្ឌលពោធិ៍សាត់ និងសមាជិក សមាជិកា សាខាសមាគមន៍នារីកម្ពុជាជាច្រើនរូបទៀត។ ប្រជាកសិករដែលត្រូវផ្ដល់ជូននេះ មកពីឃុំស្យា៣ និងឃុំស្រែកស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ សម្រាប់ចាប់ផ្ដើម ធ្វើស្រូវដើមរដូវវស្សានេះ។
លោក ម៉ៅ ធនិន បានថ្លែងថា ដោយផ្អែកតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តឃើញថា ឆ្នាំ២០១៥ ការងារបង្កបង្កើនផលសម្រេចបាន១.២២៦ហិកតា ស្មើនឹង១,២៣% នៃផែនការឆ្នាំ ១០០.០០០ហិកតា។ ក្នុងខែឧសភានេះ ខេត្តពោធិ៍សាត់ទទួលបានរបបទឹកភ្លៀងតិចតួច បានអូសបន្លាយពេលវេលា លើការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០១៦ មកទល់ពេលនេះ យើងសម្រេចបានពង្រោះសរុប៨៨៦០ហិកតាតែប៉ុណ្ណោះ ស្មើនឹង៨,៨៦% នៃផែនការឆ្នាំ ១០០.០០០ហិកតា។
បើប្រៀបធៀបនឹងឆ្នាំមុន ឃើញថាមានសន្ទុះថយជាងចំនួន ២០.១១១ហិកតា។ ដូចនេះហើយ អាជ្ញាធរខេត្ត និងមន្ទីរកសិកម្មខេត្ត បាននាំយកស្រូវពូជផ្ការំដួល (ស្រូវក្រអូប) ៨តោន មកចែកជូនប្រជាកសិករទាំង២០០គ្រួសារ សម្រាប់ចាប់ផ្តើមបើកការធ្វើស្រូវដើមរដូវ។
លោកបានបញ្ជាក់ថា នេះបង្ហាញពីការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញ ចំពោះប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទូទាំងខេត្ត។
លោកបន្ថែមថា ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល មានភ័ព្វសំណាងណាស់ ដោយទទួលបាននូវសមិទ្ធិផលជាច្រើនពី រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចជាទំនប់ស្ទាក់ទឹកទី៣ និងទី៥ ដែលទំនប់ទាំង២ មានសមត្ថភាពស្តុកទឹកបានរហូត ដល់ជាង ៥០លានម៉ែត្រគូប ដើម្បីស្រោចស្រពស្រូវជូនប្រជាពលរដ្ឋក្នុងរដូវប្រាំង។ ក្រោយពីចែកជូនរួចមក លោកអភិបាលខេត្ត ក៏បានដឹកនាំមន្ទីរជំនាញ ចុះដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃប្រកបដោយភាពជោគជ័យជាក់លាក់ រវាងគ្រួសារ លោកយាយ សំ វ៉ាន ជាមួយប្រជាពលរដ្ឋ១៨គ្រួសារ លើផ្ទៃដី២២ហិកតា នៅចំណុចកែវមុន្នី ភូមិព្រែកតាគង់ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ផងដែរ៕