(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា-ប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានចាត់តំណាងឱ្យចូលក្រាបបង្គំទូលថ្វាយសួរព្រះរាជសុខភាព និងសុំព្រះរាជឱវាទពី សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះចៅអធិការវត្ត ឧណ្ណាលោម នាវត្តឧណ្ណាលោម រាជធានីភ្នំពេញ។
ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលនេះដឹកនាំដោយលោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា-ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល រួមជាមួយលោក កែវ ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, លោក ទួន យ៉ាត អនុប្រធានផ្នែក និងសមាជិកផ្នែកឃោសនាអប់រំ។
នាឱកាសនោះដែរ លោក ចាយ បូរិន បានក្រាបបង្គំទូលថ្វាយនូវការផ្តាំផ្ញើ សួរព្រះរាជសុខភាព និងថ្វាយព្រះពរជ័យបវរសួស្ដី សិរីមង្គល វិបុល សុខមហាប្រសើរ ពីសំណាក់សម្តេច លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ជាពិសេសពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និងក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ។
ប្រធានប្រតិភូបានសម្ដែងនូវការគោរពដឹងគុណកោតសរសើរដោយស្មោះចំពោះព្រះវីរភាព និងស្នាព្រះហស្ថដ៏ធំធេងជាច្រើន មិនអាចកាត់ថ្លៃបានរបស់សម្តេចជាអម្ចាស់ ដែលបានយាងចូលរួម លើកស្ទួយវិស័យព្រះពុទ្ធសាសនាក៏ដូចជា ការស្តារកសាងព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជាឡើងវិញក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ និងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រេីនជារៀងរហូតមក។
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី បានបម្រេីវិស័យពុទ្ធចក្រ ស្ទើរពេញមួយព្រះជន្មរបស់ព្រះអង្គ ដោយព្រះអង្គបានទៅរៀនសូត្រនៅវត្តអារាម តាំងពីវ័យកុមារហើយបានបួសជាសង្ឃ ក្នុងមជ្ឈិមវ័យនៅឆ្នាំ១៩៥២ រហូតដល់ឆ្នាំ១៩៧៥ ដោយបានទទួលសមណស័កិ្តជាព្រះគ្រូធម្មាចារ្យ នៅឆ្នាំ១៩៧៥ ព្រះគ្រូធម្មាចារ្យ ទេព វង្ស ត្រូវបានរបបខ្មែរក្រហមចាប់ផ្សឹក និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃដូចប្រជាជនកម្ពុជាទូទាំងប្រទេសដែរ។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ លោកគ្រូធម្មាចារ្យ បានចូលបួសឡើងវិញនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩ ហើយបានទទួល សមណស័ក្តិនិងព្រះគោរម្យ៍ងារជាបន្តបន្ទាប់ដូចជា៖ ព្រះឧបជ្ឈាយ៍ ប្រធានសង្ឃទូទាំងប្រទេស ជាព្រះមហាសុមេធាធិបតី ជាព្រះសង្ឃនាយកនៃរដ្ឋកម្ពុជា, ជាអនុប្រធានរណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា, ជាអនុប្រធានរដ្ឋសភា, ជាសម្តេចសង្ឃរាជគណៈមហានិកាយនៃកម្ពុជា, ជាគណៈអធិបតីកិត្តិយស ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា, ជាឯកអគ្គរដ្ឋទូតសន្តិភាព ដោសហព័ន្ធអន្តរជាតិជាសហប្រធានក្រមប្រឹក្សាសាសនាពិភពលោកដើម្បីសន្តិភាព នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក, ជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចជាអម្ចាស់ មានព្រះរាជបន្ទូលកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពការងាររបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលទាំងក្នុងនិងក្រៅប្រទេស ក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលមានភាពវៃឆ្លាតក្នុងការដឹកនាំ រឹងមាំមោះមុត មានចំណេះដឹង គុណធម៌ សីលធម៌ សច្ចៈ ខន្តី និងកតញ្ញូ ស័ក្កសមជាអ្នកបន្តវេនទៅអនាគត។
ជាចុងក្រោយ សម្តេចបានផ្តាំផ្ញើថា ធ្វើការងារអ្វីក៏ដោយ ត្រូវមានស្មារតីសាមគ្គីគ្នា សាមគី្គ សាមគ្គានំ តបោ សុខោ (សាមគ្គី រមែងនាំមកនូវសេចក្តីសុខ) មានសាមគ្គី រស់ បែកបាក់សាមគ្គី ស្លាប់។
ក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយបីតិសោមនស្សជ្រះថ្លានេះដែរលោក ចាយ បូរិន, លោក កែវ ពិសិដ្ឋ, លោក ទួន យ៉ាត និងសមាជិកបានថ្វាយនូវទេយ្យទាន និងបច្ច័យដែលជាសទ្ធាជ្រះថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ថ្វាយដល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី និងសូមបួងសួងដល់តេជៈគុណព្រះរតនត្រ័យ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានព្រះពរជ័យដល់សម្តេចជាអម្ចាស់ មានព្រះរាជសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ផ្ដល់ឱវាទដល់ព្រះសង្ឃនិងប្រជាបរិស័ទគ្រប់វ័យឱ្យបានយល់ដឹងនូវមាគ៌ានៃព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ជានិច្ចនិរន្តរ៍តរៀងទៅ៕