(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃ និងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានសហការរៀបចំវេទិការដ្ឋាភិបាលឌីជីថលកម្ពុជា-កូរ៉េ និងតាមប្រព័ន្ធសន្និសីទវីដេអូ ដោយមានការចូលរួមពីរដ្ឋមន្រ្តីជា វ៉ាន់ដេត និងលោក Chang-Seob Han អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ។

វេទិកានេះត្រូវបានរៀបចំឡើង ក្នុងទិសដៅបង្ហាញពីស្ថានភាព និងវឌ្ឍនភាពរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ក៏ដូចជាចែករំលែកចំណេះដឹង បទពិសោធ និងឧត្តមានុវត្តន៍របស់រដ្ឋាភិបាលឌីជីថលកូរ៉េ ជូនដល់ក្រសួង ស្ថាប័ន ក្នុងវិស័យសាធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ដែលស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។

វេទិកានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នរដ្ឋ គ្រឹះស្ថានសាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនបច្ចេកវិទ្យា អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍសំខាន់ៗ ដែលក្នុងនោះមានអ្នកចូលរួមផ្ទាល់ប្រមាណ១២០នាក់ និងតាមប្រព័ន្ធវីដេអូ Zoom ប្រមាណ១៥០នាក់។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសរំលេចនូវ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ផ្តោតលើចក្ខុវិស័យ «ការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ» ដែលមានយន្តការថ្នាក់ជាតិដឹកនាំ សម្របសម្រួល និងអនុវត្តដោយមានការរៀបចំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងអង្គភាពទទួលបន្ទុកបរិវត្តកម្មឌីជីថល នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដើម្បីសម្រេចបានគោលនយោបាយនេះ គោលដៅជាយុទ្ធសាស្ត្រចំនួន៤ រួមមាន ទី១) ការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រដ្ឋាភិបាលឌីជីថល ទី២) ការកសាងអភិបាលកិច្ច និងសេវាសាធារណៈឌីជីថល ទី៣) ការកសាងសមត្ថភាព និងនវានុវត្តន៍ឌីជីថល និង ទី៤) ការលើកកម្ពស់កិច្ចសហការ និងភាពជាដៃគូវាងរដ្ឋនិងឯកជន។

លោករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាទ្វេភាគីជាមួយលោក Chang-Seob Han ។ ក្នុងកិច្ចប្រជុំនេះ ភាគីកូរ៉េបានធ្វើបទបង្ហាញពីវឌ្ឍនភាពភាព និងទិសដៅការងារគម្រោងរដ្ឋាភិបាលឌីជីថល គាំទ្រដោយរដ្ឋាភិបាលកូរ៉េ សម្រាប់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលរួមមានជាអាទិ៍ការស្រាវជ្រាវ ការរៀបចំបទប្បញ្ញត្តិ និងការកសាងសមត្ថភាព ជាដើម។

លោករដ្ឋមន្ត្រី បានថ្លែងអំណរចំពោះភាគីកូរ៉េ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការគាំទ្រការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា នាពេលកន្លងមក។ ជាមួយគ្នានេះ លោកក៏បង្ហាញជូនភាគីកូរ៉េអំពីការងារអាទិភាព និងសមិទ្ធផលរបស់ក្រសួងក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ ដែលរួមមានការរៀបចំបទដ្ឋានគតិយុត្ត គោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ ការកសាងសមត្ថភាព ការកៀរគរចំណូលជូនរដ្ឋ -ល-។

លោករដ្ឋមន្ត្រីបានស្នើរដ្ឋាភិបាលកូរ៉េ បន្តជួយគាំទ្រកម្ពុជា លើភាពជាដៃគូក្នុងវិស័យឌីជីថល ក៏ដូចជាជួយគាំទ្រគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ដែលជាគំនិតផ្តួចផ្តើមមានទិសដៅជំរុញការទទួលយកបច្ចេកវិជ្ជាឌីជីថល (Digital Adoption) នៅកម្ពុជា។

ភាគីកូរ៉េក៏បានកោតសសើរ ពីសមិទ្ធផលដែលក្រសួងសម្រេចបាន ក្នុងរយៈពេលដ៏ខ្លីនេះ និងចក្ខុវិស័យដ៏ច្បាស់លាស់របស់ក្រសួង។ ឆ្លើយតបទៅនឹងសំណើរបស់លោករដ្ឋមន្ត្រីភាគីកូរ៉េ នឹងលើកសំណើនេះទៅពិភាក្សាជាមួយក្រសួងការបរទេសកូរ៉េ ដើម្បីពិនិត្យលទ្ធភាពគាំទ្រកម្ពុជា។

ព្រឹត្តិការណ៍វេទិការដ្ឋាភិបាលឌីជីថល និងកិច្ចប្រជុំទេ្វភាគីកម្ពុជា-កូរ៉េនេះ បានឆ្លុះបញ្ចាំងអំពីចក្ខុវិស័យវែងឆ្ងាយ លើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសទាំងពីរ ជាពិសេសការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ បានសបញ្ជាក់ឱ្យឃើញពីភាពជាអ្នកដឹកនាំរបស់កម្ពុជា ដែលជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។

ក្រសួងទាំងពីរបានបង្ហាញស្មារតីយ៉ាងមុតមាំ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី សំដៅបម្រើដល់ប្រយោជន៍ សម្រាប់ប្រជាជាតិទាំងពីរ៕