(ភ្នំពេញ)៖ ប្រជាពលរដ្ឋ៣គ្រួសារ នៅរួមគ្នាក្នុងផ្ទះតែមួយ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ ដាក់ពាក្យប្តឹងទៅសម្តេចប្រធានរដ្ឋសភា សម្តេចពញាចក្រី ហេង សំរិន ប្តឹងពីអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ២រូប រំលោភយកដីរបស់ពួកគាត់ទាំង៣គ្រួសារ គឺលោក ម៉ៅ មុនីវណ្ណ និងលោក តុ វ៉ាន់ចាន់ ព្រមទាំងប្តឹងទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ជួយធ្វើអន្តរាគមន៍ផងដែរ។
លោក សុខ សម្បត្តិ អនុប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលជាសមាជិកគណៈចលនាសហជីព នៃគណៈចលនាមហាជន គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាអមក្រសួងការងារ ដែលដឹកនាំប្រជាពលរដ្ឋមកប្តឹងនេះ បាននិយាយថា ប្រជាពលរដ្ឋ៣គ្រួសាររួមមាន ឈ្មោះ លោក ប៉ក់ សុវណ្ណា លោក កុល សុផល និងលោកស្រី ង៊ី វី ដែលពួកគាត់ទាំង៣គ្រួសារ បានមករស់នៅភ្នំពេញ កាលពីឆ្នាំ១៩៩៣។
លោកបានបន្តថា «លុះនៅឆ្នាំ១៩៩៤ បានបបួលគ្នាទិញដីចំនួន២ឡូត៍ទំហំ១៤,២៤អា និង១១,៧៥២៥អា ជាប់គ្នាក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុពញាឮ ខេត្តកណ្តាល ហើយអ្នកស្រី ង៊ី វី ឈរឈ្មោះធ្វើប្លង់។ ក្រោយមកលោកស្រី ង៊ី វី បានលក់ដីចំណែករបស់គាត់ឱ្យលោក តុ វ៉ាន់ចាន់ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ»។
លោក សុខ សម្បត្តិ បានបន្តទៀតថា ក្រោយមកលោក តុ វ៉ាន់ចាន់ បានយកប្លង់ដីដាក់ឱ្យឈ្មោះ សាត វិបុល យកលុយតែម្នាក់ឯង រាប់ម៊ឺនដល្លារ ហើយនៅពេលត្រូវសងលុយក៏បបួលលោក ប៉ក់ សុវណ្ណា, លោក កុល សុផល លក់ដីតែគាត់មិនព្រម។ ក្រោយមកលោក តុ វ៉ាន់ចាន់ បានឃុបឃិតលក់ដីនេះទៅឱ្យ លោក ម៉ៅ មុនីវណ្ណ ធ្វើឲ្យមានរឿងរ៉ាវរហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយទេ៕