(ភ្នំពេញ)៖ ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយក្មេក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារចូលរួមរំលែកទុក្ខជូនក្រុមគ្រួសារមហាឧបាសិកា ញឹម តេង ដែលជាម្តាយក្មេករបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានទទួលមរណភាព នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៖៤០នាទីរសៀល ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយរោគាពាធ។

ខ្ញុំសូមសម្តែងនូវការសោកស្តាយស្រណោះអាឡោះអាល័យ ចំពោះការបាត់បង់ ម្តាយ ម្តាយក្មេក ជីដូន ជីទួត ជាទីគោរពស្រឡាញ់បំផុត ប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ ចៅៗ និងចៅទួតទាំងអស់ ដែលកន្លងមកក្នុងឆាកជីវិតរបស់មហាឧបាសិកា ញឹម តេង បានតស៊ូខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានមានបុត្រធីតារហូតក្លាយជាបញ្ញាវ័ន្ត និងជាធនធាន មនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកា ញឹម តេង សូមឆាប់បានចាប់កំណើតកើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា សពមហាឧបាសិកា ញឹម តេង ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១ ផ្លូវលេខ៥ គម្រោងទី៥ បូរី ប៉េង ហួត ច្បារអំពៅ៕