(កាប៊ុល)៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយក្នុងប្រតិបត្តិការបង្ក្រាបក្រុមសកម្មប្រយុទ្ធ តែរយៈពេល ២៤ម៉ោងប៉ុណ្ណោះ យោធាអាហ្វហ្គានីស្ថាន បានសម្លាប់មនុស្ស ៩៩នាក់ និង របួសជាង ៦០នាក់ ផ្សេងទៀតនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៦។
ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃព្រហស្បតិ៍នេះដូច្នេះថា «នៅរយៈពេល ២៤ម៉ោង កន្លងទៅនេះ កងកម្លាំងសន្តិសុខ និង ការពារជាតិរបស់ប្រទេស អាហ្វហ្គានីស្ថាន បានធ្វើការបង្ក្រាបទីតាំងរបស់ក្រុមសកម្មប្រយុទ្ធ ដើម្បីការពារប្រជាជននិងទ្រព្យសម្បត្តិ បានបណ្តាលឲ្យពួកសកម្មប្រយុទ្ធ ៩៩នាក់បាត់បង់ជីវិត និង ជាង៦០នាក់រងរបួស»។
គួរបញ្ជាក់ថា នេះជាលទ្ធផលទ្រង់ទ្រាយធំមួយ សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន ដែលបានបង្ក្រាប ក្រុមប្រឆាំងរដ្ឋាភិបាលខាងលើនេះ នៅក្នុងបណ្តាខេត្តចំនួន ១៨ ក្នុងចំណោមខេត្តទាំងអស់ ៣៤ នៅទូទាំងប្រទេស។ ការវាយប្រហារបានធ្វើឡើងទាំងនៅលើដី និងពីលើអាកាស ហើយវាក៏បានបណ្តាល កងកម្លាំងអាហ្វហ្គានីស្ថាន ១៦នាក់ផងដែរបាត់បង់ជីវិត៕