(សៀមរាប)៖ ទឹកចិត្តម្តាយឪពុកធំជាងភ្នំព្រះសុមេរុ ជ្រៅជាងមហាសមុទ្រ បើទោះបីត្រូវកូនចិញ្ចឹមបីបាច់ថែទាំទំនុកបម្រុងរហូតធំដឹងក្តីប្រមាថមើលងាយយ៉ាងណាក្តី តែចិត្តនៅតែសណ្តោសចំពោះកូនជាប់ជានិច្ច។ អ្នកស្រី គង់ ចាន់ថូ មិនបានសម្តែងការខឹងសម្បាចំពោះកូនស្រី ដែលបញ្ចេញវីដេអូឆ្លើយឆ្លង និងមានការប្រមាមើលងាយមកលើអ្នកស្រីនោះឡើយ។

ក្នុងបទសម្ភាសន៍ជាមួយ Fresh News អ្នកស្រី គង់ ចាន់ថូ ដាក់ការសង្ស័យថា ការនិយាយរបស់កូនមានការរៀបចំ ហើយជាការនិយាយបែបបាត់សតិក្នុងការគិត បែងចែកខុសត្រូវ។ ការសន្និដ្ឋានបែបនេះ ដោយសារតែអ្នកស្រី បានមើលសភាពកូនតាមរយៈវីដេអូមានភាពស្លេកស្លាំង ដែលបង្ហាញពីការមានបញ្ហាសុខភាព។

បើតាមអ្នកស្រី គង់ ចាន់ថូ មុនពេលចូលទៅក្នុងចម្ការរបស់លោក ខឹម វាសនា តាមរយៈការលួងលោម និងពង្វក់ស្មារតីនោះ កូនរបស់អ្នកស្រី ជាមនុស្សស្លូតបូតស្គាល់ខុសត្រូវ គោរពឪពុកម្តាយ ហើយប្រឹងតែសិក្សារៀនសូត្រប៉ុណ្ណោះ។ នាងមិនដែលធ្វើឱ្យគ្រួសារលំបាកចិត្តម្តងណានោះឡើយ។

អ្នកស្រី គង់ ចាន់ថូ បានអះអាងផងដែរថា អ្នកស្រី ក៏ដូចជាក្រុមគ្រួសារទាំងមូល មិនដែលធ្វើឱ្យកូនស្រីលំបាក ឬដាក់សម្ពាធផ្លូវចិត្តណាមួយលើរូបនាងនោះដែរ។ នាងដឹងតែពីទៅសិក្សារៀនសូត្រប៉ុណ្ណោះ។

ក្រៅតែពីអ្នកស្រី គង់ ចាន់ថូ ក៏មានសាច់ញាតិ និងអ្នកជិតខាងផងដែរ បានចេញមកបញ្ជាក់ពីអត្តចរិតរបស់កូនស្រីអ្នកស្រី ចាន់ថូ។ បើតាមសាច់ញាតិ និងអ្នកជិតខាង សុទ្ធតែបានបញ្ជាក់ថា ពេជ្រនី ដែលជាកូនស្រីរបស់អ្នកស្រី គង់ ចាន់ថូ មានអត្តចរិតល្អស្លូតបូត មិនដែលបង្កការលំបាកក្នុងគ្រួសារ ឬអ្នកជិតខាងណានោះឡើយ។

សូមបញ្ជាក់ថា កូនស្រី របស់អ្នកស្រី គង់ ចាន់ថូ ជាអ្នករស់នៅខេត្តកំពង់ធំ ឈ្មោះ ពេជ្រនី អាយុ ១៨ឆ្នាំ ត្រូវបានលង់តាមការពង្វក់ស្មារតីរបស់លោក ខឹម វាសនា និងបក្ខពួក រត់ចោលផ្ទះ និងបោះបង់ការសិក្សាទៅរស់នៅក្នុងចម្ការរបស់លោក ខឹម វាសនា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប អស់រយៈពេលជាង ៧ខែមកហើយ។

ពេជ្រនី ជាសិស្សពូកែមួយរូប បានប្រលងជាប់បាក់ឌុបនិទ្ទេសB ហើយបានប្រលងជាប់អាហារូបករណ៍សិក្សានៅសាលាបញ្ញាសាស្ត្ររយៈពេល៤ឆ្នាំថែមទៀតផង។ តែជាការសោកស្តាយការអូសទាញរបស់ក្រុមលោក ខឹម វាសនា បានធ្វើឱ្យរូបនាងបោះបង់ការសិក្សានោះ។

នៅពេលថ្មីៗនេះ ពេជ្រនី បានចេញវីដេអូតបទៅម្តាយរបស់នាង ដោយបានលើកឡើងថា ការចាក់ចេញពីផ្ទះដោយសារតែរងសម្ពាធពីគ្រួសារជាដើម។ វីដេអូតបរបស់ពេជ្រនី បើទោះបីដឹងថា ជាការនិយាយក្នុងស្ថានភាពពង្វក់ស្មារតីយ៉ាងណក្តី បានធ្វើឱ្យឪពុកម្តាយហួសចិត្ត និងតក់ស្លុតចិត្តជាខ្លាំង។

អ្នកស្រី គង់ ចាន់ថូ មិនខឹងសម្បាកូនឡើយ។ អ្នកស្រីនៅតែទទូចអង្វរឱ្យកូនស្រីចាកចេញពីចម្ការត្រឡប់ទៅផ្ទះវិញ។

ក្រុមគ្រួសារសាច់ញាតិ ក៏បានអង្វរលោក ខឹម វាសនា ឱ្យបញ្ឈប់ការដាក់មនោគមន៍ពង្វក់ស្មារតី ពេជ្រនី ហើយដោះលែងនាងឱ្យត្រឡប់ទៅផ្ទះវិញ។

សូមបញ្ជាក់ថា មានយុវជន យុវតីជាច្រើន ព្រោះតែលង់ជឿតាមការសាបព្រោះរបស់លោក ខឹម វាសនា និងបក្ខពួក បានធ្វើឱ្យពួកគេសម្រេចបោះបង់ការសិក្សា បោះបង់ឪពុកម្តាយ និងផ្ទះសម្បែង ហើយចូលទៅសម្ងំនៅក្នុងចម្ការរបស់លោក ខឹម វាសនា។ មានអាណាព្យាបាលជាច្រើន កើតក្តីសង្វេគ និងតក់ស្លុតជាខ្លាំង នៅពេលឃើញកូនៗដែលធ្លាប់ជាមនុស្សនិយាយស្តាប់គ្នា ប្រែទៅជាចចេសរឹងរូស និងលើកហេតុផលផ្សេងៗ ដែលគេទទួលបានពីការបង្រៀនរបស់ក្រុមលោក ខឹម វាសនា។

មហាជនបានសម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះកាយវិការប្រែប្រួលរបស់យុវជន យុវតីខ្មែរ ក្រោមមនោគមន៍វិជ្ជារបស់លោក ខឹម វាសនា ដែលនឹងរុញទៅជាការប៉ះពាល់ដល់សីលធម៌រស់នៅក្នុងសង្គមខ្មែរ ហើយអាចក្លាយជាជំងឺដ៏លំបាកមួយក្នុងសង្គម។ អ្នកខ្លះបានប្រដូចមនោគមន៍វិជ្ជារបស់លោក ខឹម វាសនា ដែលសាបព្រោះលើយុវជន យុវតីខ្មែរ មានភាពស្រដៀងគ្នាទៅនឹងមនោគមន៍វិជ្ជារបស់មេដឹកនាំខ្មែរក្រហម៕