(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រហូតដល់ពេលនេះ សមត្ថកិច្ចបានគ្រប់គ្រង ស្ថានភាពប្រមូលផ្តុំរបស់ លោក ខឹម វាសនា នៅជើងភ្នំគូលែន ខេត្តសៀមរាប ស្ទើរតែទាំងស្រុងហើយ ចំណែកបញ្ហាសេសសល់ សមត្ថកិច្ចនឹងសម្របសម្រួលដោះស្រាយបញ្ចប់ឆាប់ៗនេះ។
បើតាមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ប្រជាពលរដ្ឋដែលកំពុងបន្តប្រមូលផ្តុំនៅចម្ការរបស់ លោក ខឹម វាសនា នៅសល់តែប៉ុន្មានរយនាក់ទៀតប៉ុណ្ណោះ ក្រៅពីនោះបានរំសាយអស់ហើយ ដោយសារពលរដ្ឋមួយចំនួនពុំមានផ្ទះសម្បែងរស់នៅ និងមួយចំនួនធ្វើការនៅក្នុងចម្ការនោះ។ បច្ចុប្បន្នសមត្ថកិច្ចបានសហការជាមួយម្ចាស់ទីតាំង ដើម្បីសណ្តាប់ធ្នាប់ធ្វើបច្ចុប្បន្នភាពអ្នកស្នាក់នៅ និងគោរពច្បាប់។
របាយការណ៍បានបញ្ជាក់ថា បើគិតចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ មកដល់ពេលនេះ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងជាង១០០បណ្តឹង ដែលមានចំនួនមនុស្សជាង២០០នាក់។
បើតាមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ, សមត្ថកិច្ចនឹងបន្តស្រាវជ្រាវស្វែងរកមនុស្សដែលបាត់ខ្លួន តាមពាក្យបណ្តឹងរបស់ក្រុមគ្រួសាររបស់គេ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ សកម្មជននានា កុំឱ្យចាញ់បោកការឃោសនារបស់ លោក ខឹម វាសនា តទៅទៀត ខណៈដែលមានការវាយតម្លៃថា លោក ខឹម វាសនា ប្រមូលថវិកាបានរាប់សែនលានដុល្លារ ពីយុទ្ធនាការប្រមូលផ្តុំនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែសីហា កន្លងទៅថ្មីនេះ មានចលនាបំផុសបំផុលមនុស្ស ឲ្យទៅស្នាក់នៅជុំគ្នានៅដីចម្ការរបស់ លោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមការសាបព្រោះពាក្យចចាមអារ៉ាម មានគ្រោះរញ្ជួញដី និងទឹកលិចលង់ពិភពលោកជាដើម។ លោក ខឹម វាសនា បានទស្សទាយថា នៅចុងខែសីហាកន្លងទៅនេះ នឹងមានទឹកលិចពិភពលោក រួមទាំងកម្ពុជា លើកលែងតែភ្នំគូលែនប៉ុណ្ណោះ ដែលជាចំណុចខ្ពស់ជាងគេ មិនលិច ប៉ុន្តែជាក់ស្តែង គឺពុំមានបាតុភូតអ្វីកើតឡើង ដូចការផ្សព្វផ្សាយជំនឿរបស់ លោក ខឹម វាសនា នោះឡើយ។
ប្រជាពលរដ្ឋមានជំនឿលើការឃោសនាគ្រប់រាជធានីខេត្ត រួមទាំងពលករបម្រើការក្រៅប្រទេសរួមមានកូរ៉េខាងត្បូង ជប៉ុន និងថៃផង បានចាកចេញពីលំនៅឋាន ចាកចេញពីកន្លែងការងារ សម្រុកទៅរស់នៅក្នុងចម្ការ ដែលគេឃោសនាថាជាទីតាំងតែមួយគត់គេចផុតពីគ្រោះមហន្តរាយពិភពលោក។
ប្រជាពលរដ្ឋមានជំនឿ ដែលបានទៅប្រមូលផ្តុំត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនជាង ១ម៉ឺននាក់។ ប្រជាពលរដ្ឋដែលទៅទីនោះ ខ្លះទៅទាំងគ្រួសារ គ្រួសារខ្លះទៅស្វាមី គ្រួសារខ្លះទៅតែភរិយា ដោយបានប្រមូលទ្រព្យសម្បត្តិទៅជាមួយផង។ ខ្លះទៀតក៏បានលក់ទ្រព្យសម្បត្តិឡៃឡុងយកលុយទៅតាមខ្លួនថែមទៀតផង។
ដោយមើលឃើញពីសកម្មភាពប្រមូលផ្តុំនេះ ពុំត្រឹមត្រូវ និងអាចបង្កគ្រោះថ្នាក់ រាជរដ្ឋាភិបាល បានចាត់វិធានការមួយចំនួន ដោយមិនអនុញ្ញាតឱ្យ ពលរដ្ឋចូលទៅជួបជុំទេ ហើយអំពាវនាវឱ្យអ្នកដែលជួបជុំចាកចេញពីការជួបជុំនោះ ត្រឡប់ទៅផ្ទះ ដោយសារតែពុំមានអ្វីកើតឡើងទេ៕