(ភ្នំពេញ)៖ លោក រិន វីរៈ រដ្ឋមន្ត្រីស្តីទី នៃក្រសួងផនការ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា ជាពិសេសធនាគារពិភពលោកនឹងបន្តចូលរួមជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍទិន្នន័យស្ថិតិជំរឿន និងអង្កេត ឱ្យកាន់តែមានប្រសិទ្ធ ភាពប្រសើរឡើង។
ការបង្ហាញក្តីសង្ឃឹមបែបនេះ របស់លោក រិន វីរៈ បានធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្ដាលស្ដីពី៖ ការវិភាគ និងសម្អាតទិន្ន័យជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២» សម្រាប់មន្ត្រីជំនាញស្ថិតិនៅវិទ្យាស្ថានជាតិស្ថិតិ និងមន្ទីរផែនការខេត្ត នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីសំណាក់លោកស្រី Ms. Wendy Karamba តំណាងធនាគារពិភពលោក, លោក Arthur Johannes Giesberts ជំនាញការធនាគារពិភពលោក, លោក ឃិន សុង អគ្គនាយករង តំណាងវិទ្យាស្ថានជាតិស្ថិតិ រួមនឹងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ។
ក្នុងនាមលោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ, លោក រិន វីរៈ សូមសំដែងនូវគារវកិច្ចចំពោះតំណាងតំណាងធនាគារពិភពលោក លោកស្រី ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពជំនាញស្តីពីការវិភាគនិងសម្អាតទិន្នន័យជំរឿនសេដ្ឋកិច្ចដល់មន្ត្រីជំនាញស្ថិតិនៅវិទ្យាស្ថានជាតិ ស្ថិតិ និងមន្ទីររាជធានីខេត្ត ដែលបានធ្វើពីថ្ងៃទី០៥ ដល់ទី០៩ ខែកញ្ញា ឆ្នាំ២០២២ ដែលធ្វើបទឧទ្ទេស ដោយអ្នកជំនាញការជាន់ខ្ពស់ពីធនាគារពិភពលោក ប្រចាំនៅក្រុងវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក។
លោកបានបន្តថា ការរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីជំនាញស្ថិតិស្តីពីការវិភាគ និងសម្អាតទិន្ន័យជំរឿនសេដ្ឋកិច្ច ដើម្បីបន្តការងារសម្អាតទិន្នន័យជំរឿន និងអង្កេតឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោក រិន វិរៈ បានបន្តថា ក្រោមកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស ពីធនាគារពិភពលោកដល់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ រួមមាន៖
*ឆ្នាំ២០១៦-២០១៧ ធនាគារពិភពលោកបានជួយពង្រឹងគុណភាពនៃប្រព័ន្ធស្ថិតិជាតិនៃកម្ពុជា និងការពង្រឹងសមត្ថភាពផលិតសូចនាករអត្រាភាពក្រីក្រ និងវិសមភាពនៃភាពក្រីក្រនៅកម្ពុជា
*ឆ្នាំ២០១៧-២០២១ ធនាគារពិភពលោក បានរៀបចំវិធីសាស្ត្រនៃការគណនា តាមដានត្រួតពិនិត្យអំពីភាពក្រីក្រ និងសុខុមាលភាពនៅក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់ទិន្នន័យសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជា និងការវិភាគផលប៉ះពាល់គ្រួសារពីជំងឺកូវីដ១៩ និងការរៀបចំផែនទីទិន្នន័យស្ថិតិ អំពីភាពក្រីក្រពីទិន្នន័យជំរឿនប្រជាជន។
*ឆ្នាំ២០១៩-២០២០ ធនាគារពិភពលោក បានគាំទ្របណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់ CAPI
*ឆ្នាំ២០២២-២០២៣ ធនាគារពិភពលោកបានជួយពង្រឹងបច្ចេកទេសក្នុងការរៀបចំ និងវិភាគ បំណែងចែកទិន្នន័យសម្រាប់គណនាអត្រាភាពក្រីក្រ ដោយមានការគាំទ្រដល់គណៈកម្មាធិការជាតិវាស់វែងភាពក្រីក្រជាតិ និងការពង្រឹងគុណភាពទិន្នន័យអង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជាឆ្នាំ២០២១ សម្រាប់ប្រើប្រាស់វិភាគអត្រាភាពក្រីក្រ។ ធនាគារពិភពលោកបានគាំទ្របច្ចេកទេស វិភាគសម្អាតទិន្នន័យជំរឿនសេដ្ឋកិច្ច និងការផលិតរបាយការណ៍លទ្ធផលចុងក្រោយនៃជំរឿន សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ និងការផលិតផែនទីទិន្នន័យលំអិតតាមសមភាព យេនឌ័រ។
*ការបណ្ដុះបណ្តាលមន្ត្រីជំនាញវិភាគ និងសម្អាតទិន្នន័យស្ថិតិជំរឿនសេដ្ឋកិច្ច ពីអ្នកជំនាញការ ជាន់ខ្ពស់ របស់ធនាគារពិភពលោក សម្រាប់មន្ត្រីស្ថិតិនៅវិទ្យាស្ថានជាតិស្ថិតិ(ថ្នាក់ជាតិ) និងថ្នាក់ខេត្ត គឺជាលើកដំបូងដែលត្រូវបានពង្រឹងសមត្ថភាពមន្ត្រីជំនាញស្ថិតិទៅថ្នាក់ក្រោមជាតិ សមស្របតាមគោលការណ៍ប្រតិភូកម្មនៃប្រព័ន្ធស្ថិតិវិសហមជ្ឈការ ដើម្បីកសាងលើកកម្ពស់សមត្ថភាព គុណភាពនៃស្ថាប័នអង្គភាពមន្ទីរផែនការរាជធានី-ខេត្ត ទៅតាមដំណាក់កាលៗ ដែលអាចធ្វើទៅបាន។
ជាក់ស្ដែងក្នុងឱកាសនៃវគ្គបណ្តុះបណ្តាលនេះ បានអញ្ជើញមន្ត្រីជំនាញស្ថិតិ៧រូប មកពី៧ខេត្ត រួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តតាកែវ។ ដោយឡែកមន្ត្រីជំនាញស្ថិតិ មកពីវិទ្យាស្ថានជាតិស្ថិតិ ក្រសួង ផែនការ (ថ្នាក់ជាតិ) គឺមាន១៤រូប។
លោកបានបញ្ជាក់ថា មន្ត្រីជំនាញស្ថិតិដែលបានទទួលការបណ្តុះបណ្តាលក្នុងវគ្គនេះ ត្រូវបន្តអនុវត្តធ្វើការងារជាក់ស្ដែងក្នុងការវិភាគសម្អាតទិន្នន័យជំរឿនសេដ្ឋកិច្ច បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ដើម្បីឱ្យការសិក្សាទាំងទ្រឹស្តី និងការអនុវត្តផ្សារភ្ជាប់គ្នា ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង ចំណេះធ្វើរបស់ខ្លួនបន្ថែមទៀត។
ទន្ទឹមនឹងនេះដែរ មន្ត្រីក៏ត្រូវគោរពវិន័យមានឆន្ទៈមោះមុត សីលធម៌ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចការងាររបស់ខ្លួនសិក្សារៀនសូត្រ មិនត្រូវធ្វេសប្រហែស ឬបោះបង់ទុកចោលនូវចំណេះដឹង ចំណេះធ្វើពីអ្នកជំនាញការនោះទេ ដើម្បីយកចំណេះដឹង ចំណេះធ្វើទាំងនេះ សម្រាប់ការអភិវឌ្ឍប្រព័ន្ធស្ថិតិជាតិ និងថ្នាក់ក្រោមជាតិ របស់ស្ថាប័នឱ្យកាន់តែមានភាពសំបូរបែបដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់៕