(រតនគិរី)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការពារអភិរក្សធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា បានលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ដែលខុសស្រឡះពីក្រុមនិយម បរទេសមួយចំនួន ដែលតែងតែដើរលាភពណ៌បង្កប់នូវសារនយោបាយបាយ ក្នុងចេតនាបំផ្លាញកិត្តិយសកម្ពុជាលើឆាកអន្តរជាតិ ដោយមិនបានតម្កល់ផលប្រយោជន៍រួមសម្រាប់មាតុភូមិ។

ការបញ្ជាក់បែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «យុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ធនធានធម្មជាតិកម្ពុជា» នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ នៅមន្ទីរបរិស្ថាន ខេត្តរតនគិរី។

លោក នេត្រ ភក្ត្រា «បានចាត់ទុកការចោទប្រកាន់ពីសំណាក់បុគ្គលមួយចំនួន ដែលបន្តចោទប្រកាន់ថាព្រៃឈើនៅកម្ពុជា កំពុងបន្តរងការកាប់បំផ្លាញ គឺជាចេតនាបង្កប់សារនយោបាយ និងជាយុទ្ធនាការមួយដែលប្រឆាំងនឹងកម្ពុជា ជាយុទ្ធនាការវិទ្ធាង្សា ប្រឆាំងនឹងកម្ពុជា ហើយអ្វីដែលជនមួយចំនួនបានផ្សព្វផ្សាយនេះ គឺប្រជាពលរដ្ឋខ្មែរ ប្រាកដជាបានដឹងច្បាស់ថាអ្វីជាការពិតប្រាកដរបស់កម្ពុជា»

លោក នេត្រ ភក្ត្រា បានបន្តថា បច្ចុប្បន្ននេះ កម្ពុជាមានព្រៃឈើ ៤៦.៨៦ភាគរយ ដែលមានប្រមាណ ៨.៥លានហិកតា ក្នុងនោះ៤១ភាគរយ មានប្រមាណ៣.៧លានហិកតា គឺជាតំបន់ដែលត្រូវបានកំណត់ជាតំបន់អភិរក្ស រួមមាន៖ ឧទ្យានជាតិ, ដែនជម្រកសត្វព្រៃ, តំបន់ការពារទេសភាព, តំបន់ប្រើប្រាស់ច្រើនយ៉ាង, តំបន់រ៉ាមសារ, តំបន់ឧទ្យានជាតិសមុទ្រ។

បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា បើប្រៀបធៀបជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៉ី កម្ពុជា មានចំនួនផ្ទៃដីដែលជាតំបន់អភិរក្សនេះមានចំនួនច្រើនទី២ បន្ទាប់ពីប្រទេសប៊ូតាន់ ប្រសិនបើប្រៀបធៀបពីគោលការណ៍នៃការអភិរក្សជីវចម្រុះដែលកំណត់ថា ប្រទេសដែលមានតំបន់អភិរក្សត្រឹមតែ ១៧ភាគរយ នៃផ្ទៃដីអភិរក្សរបស់ខ្លួន ក៏ប៉ុន្តែ សម្រាប់កម្ពុជា មានរហូតដល់៤១ភាគរយ មានន័យថាផ្ទៃដីអភិរក្សរបស់កម្ពុជា មានចំនួន២ដង នៃការកំណត់គោលការណ៍នេះ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ១៩៩៣ មកផ្ទៃដីអភិរក្សរបស់ក្រសួងបរិស្ថាន មានត្រឹមតែ៣.២សែនហិកតា ប៉ុនុតែមកដល់ខែសីហា ឆ្នាំ២០២២ ផ្ទៃអភរិក្សដែលស្ថិតនៅក្រោយមយុត្តាធិការ របស់ក្រសួងបរិស្ថាន បានកើនឡើងដល់៧.៣សែនហិកតា និងកើនឡើងពី២៣តំបន់ ដល់៧៦តំបន់ការពារ និងអភិរក្សធនធានធម្មជាតិ នេះបានបង្ហាញពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា លើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា៖ «អញ្ចឹងទឡ្ហីករនេះ វាបង្ហាញថា អ្វីដែលពួកគេបាននឹងកំពុងតែនិយាយ គឺជាការលាភពណ៌មកលើកម្ពុជា ជាយុទ្ធនាការដើម្បីបំផ្លាញមុខមាត់កម្ពុជា ដែលកម្ពុជាយើងបានដឹងហើយថា កម្ពុជាមានពីរ គឺកម្ពុជាពិត ដែលយើងឃើញជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា និងកម្ពុជា នៅលើបបូមាត់របស់ក្រុមជនបរទេសខ្លះ ឬក៏ក្រុមជនខ្លះដែលគាត់មិនបានតម្កល់ផលប្រយោជន៍រួម»

ទន្ទឹមនឹងនេះដែរ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តែអ្វីដែលសំខាន់ប្រជាជនកម្ពុជា និងប្រទេសកម្ពុជាទាំងមូលបាននឹងកំពុងតែទទួលនូវផ្លែផ្កាសុខសន្តិភាព ទទួលផ្លែផ្កានូវការអភិវឌ្ឍ ទទួលឱកាសពេញលេញពីសុខសន្តិភាព និងការអភិវឌ្ឍ ដែលយើងមានលទ្ធភាពក្នុងការពង្រឹងលើការការពារ និងអភរិក្សធនធានធម្មជាតិ ដែលរហូតពេលនេះកម្ពុជា មានលទ្ធភាពក្នុងការបោះជំហ៊ានក្នុងការលក់ឥណទានកាបូន នៅលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិ ខណៈគម្រោងជាបន្តបន្ទាប់បានដាក់លក់នៅលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិ

រាជរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញឱ្យប្រើប្រាស់ថាមពលដែលកកើតឡើងវិញរួមមាន៖ ថាមពលពីព្រះអាទិត្យ ថាមពលដែលដើរដោយចរន្តទឹក ដើម្បីចូលរួមទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ ហើយធ្វើឱ្យកម្ពុជា មានអព្យាក្រឹត្យកាបូន។

«នៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ កម្ពុជា គឺជាកូនសិស្សល្អមួយដែលបានរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីធ្វើអព្យាក្រឹត្យភាពកាបូន ឱ្យបានត្រឹមឆ្នាំង២០៥០ ដោយក្នុងនោះមានវិស័យចំនួន៧ ត្រូវបានដាក់ចុះរួមមាន៖ វិស័យកសិកម្ម, ព្រៃឈើ និងការប្រើប្រាស់ដី, ការដឹកជញ្ជូន, សំណង់, ការគ្រប់គ្រងនូវសំណល់រឹង, ការប្រើប្រាស់ប្រេងឥន្ធនៈ និងបញ្ហាពាក់ព័ន្ធផ្សេងទៀត ដែលជាវិធានការដើម្បីធ្វើអព្យាក្រឹត្យកាបូន»។ នេះជាឱ្យដឹងបន្ថែមរបស់លោក នេត្រ ភក្ត្រា។

ជុំវិញការបង្កើនចំនួនព្រៃឈើឱ្យកាន់មានច្រើនបន្ថែមទៀត, លោក នេត្រ ភក្ត្រា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងដាំដើមឈើស្តារឡើងវិញនៅតាមតំបន់ដែលមានការរីករិល និងកន្លែងដែលមានតំបន់ថ្មី ចំណុចនេះជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង និងការតាំងចិត្តខ្ពស់របស់កម្ពុជា ដើម្បីរក្សាព្រៃឈើ និងអភិរក្សជីវៈចម្រុះនានា។

ចាប់ពីឆ្នាំ២០១៦ កន្លងមក កម្ពុជាបានទទួលថវិកាពីការលក់ឥណទានកាបូន ចំនួនប្រមាណ ១១,៦លានដុល្លារអាមេរិក ដែលថវិកាទាំងនេះត្រូវបានបែងចែកលើការងារអភិរក្សបរិស្ថាន។ បច្ចុប្បន្ននេះ កម្ពុជា បានឈានដល់របត់ថ្មីមួយទទួលបានចំណូលពីការអភិរក្ស ធនធានធម្មជាតិរបស់ខ្លួន។ នេះជារបត់ថ្មីដ៏សំខាន់មួយ ដែលកម្ពុជា នាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានទទួលចំណូលពីការអភិរក្សរបស់ខ្លួន ហើយបាននិងកំពុងលុបបំបាត់ទស្សនៈថាទាល់តែកាប់ព្រៃឈើទើបបានប្រាក់ចំណូលមកប្រទេសដែលទទួលបានប្រាក់ចំណូលពីការពារ និងអភិរក្សព្រៃឈើរបស់ខ្លួនក្រោមពាក្យស្លោក «រក្សាឈើឈរ ដើម្បីជាផលប្រយោជន៍ដល់ សេដ្ឋកិច្ច និងសង្គមជាតិ»។

កាលដែលកម្ពុជាទទួលបានជោគជ័យ លើការលក់ឥណទានកាបូននេះ បានលើកតម្កើងនូវកិត្យានុភាពជាតិកម្ពុជា លើឆាកអន្តរជាតិដែលមិនមានប្រទេសច្រើនទេ ក្នុងពិភពលោកអាចធ្វើបាន និងបានទប់ទល់ជាមួយនឹងយុទ្ធនាបង្អួចកេរ្តិ៍ឈ្មោះកម្ពុជាក្នុងរូបភាពថាកម្ពុជា មានបទល្មើសព្រៃឈើច្រើនជាងគេលើពិភពលោក៕